Gallery

ពីធីការពារគំរោងស្នាដៃបញ្ចប់បរិញ្ញាប័ត្រស្ថាបត្យកម្មរបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជំនាន់ទី២២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

DSC_0364

ព្រឹកនេះខ្ញំុបានចូលរួមពីធីការពារគំរោងស្នាដៃបញ្ចប់បរិញ្ញាប័ត្រស្ថាបត្យកម្មរបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជំនាន់ទី២២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។​ កម្មវិធីនេះនឹងបន្តរហូតដល់ថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០១៤។ ការធ្វើបទបង្ហាញដោយនិស្សិតប្រព្រឹត្តទៅនៅពីរកន្លែងដទៃពីគ្នា នេះក៏ដោយសារតែចំនួននិស្សិតចេះតែកើនឡើងពីមួយជំនាន់ទៅមួយជំនាន់(ប្រហែលមុខវិជ្ជាស្ថាបត្យកម្មមានគេចូលចិត្តច្រើន?)។​ អ្នកទាំងអស់គ្នាអាចចូលរួមទស្សនាផ្ទាល់នៅអាគារDoខាងក្រោម នឹងជាន់ទីមួយ។

បទពិសោធន៍ផ្ទាល់ខ្លួនឆ្នាំមុន

ខ្ញុំការពារស្នាដៃបញ្ចប់បរិញ្ញាប័ត្រស្ថាបត្យកម្មឆ្នាំមុន​ អ៊ីចឹងសូមរំលឹកពីវាបន្តិចចុះ(វាមិនមានជាអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំប៉ុន្មានទេកំឡុងពេលដែលកំពុងធ្វើវា តែពេលឡើងការពារវាជាពេលមួយដែលមិនអាចបំភ្លេចបាន)។

ខ្ញុំចាប់ផ្តើមសិក្សាគំរោងសារណាតាំងពីពាក់កណ្តាលឆ្នាំទី៥​ ពីព្រោះលោកគ្រូតម្រូវឲ្យជ្រើសរើស​គំរោងមួយ ហើយធ្វើបទបង្ហាញពីគំរោងណឹងត្រួសៗ។​ ការពិតខ្ញុំមិនបានធ្វើវាម្នាក់ឯងទេ ព្រោះមានការចូលរួមពីមិត្តភក្តិពីរនាក់ទៀត។​ ពួកយើងសំរេចគ្នាជ្រើសរើសយកគំរោងសិក្សាអំពីមជ្ឈមណ្ឌលសិល្បៈបាសាក់។ ព័ត៌មានលំអិតអំពីគំរោងខ្ញុំនឹងរកពេលល្អមួយដើម្បីបោះពុម្ពផ្សាយអំពីវា។

គំរោងមជ្ឃមណ្ឌលសិល្បៈដែលខ្ញុំសិក្សា
គំរោងមជ្ឃមណ្ឌលសិល្បៈដែលខ្ញុំសិក្សា

យើងទាំងអស់គ្នាមានរយៈមានរយៈពេលប្រហែលមួយឆ្នាំសំរាប់ធ្វើគំរោងមួយសំរាប់សារណា ប៉ុន្តែរយៈពេលមួយឆ្នាំពិតជាមិនគ្រប់គ្រាន់សំរាប់កិច្ចការស្រាវជ្រាវរបស់ពួកយើងទេ។​ ការពិតទៅវាមិនមែនជាកិច្ចការស្រាវជ្រាវអីធំដុំទេ ដោយគ្រាន់តែវាការងាររចនាអាគារតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាការងារបញ្ចប់បរិញ្ញាប័ត្រស្ថាបត្យកម្មនៅបរទេសធ្វើដូចគ្នានៅស្រុកខ្មែរឬក៏អត់ទេ។

ការងារមានច្រើនគួរសមដែរដោយភាគច្រើនទាក់ទងទៅនឹងគំនូរប្លង់​ និងម៉ាកែត។ ឆ្លងគ្រូមិនចេះចប់មិនចេះហើយ!​ គាត់ទាស់នេះគាត់ទាស់នោះ ហើយនៅទាស់ពីសាលាមួយតង់ទៀត(សាលាតែងតែពិនិត្យកិច្ចការរបស់និស្សិតរៀងរាល់ពីរទៅបីខែម្តងដើម្បីធានាថាសិស្សប្រកបកិច្ចការបានរលូន ហើយក៏ធានាដែរថានរណាអាចឡើងការពារស្នាដៃបានខ្លះ)។

ខ្ញុំកែប្លង់របស់ខ្ញុំមួយលើកជាពីរលើករហូតដល់ទឹកចុងក្រោយ(ពេលសាលាប្រមូលប្លង់ចុងក្រោយ)ទើបបានអស់សេចក្តី ម្ល៉ោះហើយទើបខ្ញុំដាល់អត់ទាន់គេសោះ ហើយឆ្ងល់ថាហេតុអីក៏គេឯទៀតធ្វើបានល្អ និងទាន់សាលាគ្រប់ពេល។ ខឹងខ្លួនឯងដែរទេតើ តែការពិតមានអ្នកខ្លះមានសិស្សប្អូនជួយពីក្រោយខ្នងគ្រាក់ៗ(សរសើគេទេដែលគេអាចរកសិស្សប្អូនជួយគេដល់ថ្នាក់កៀរនឹងជើង)។ ប៉ុន្តែអ្នកខ្លះក៏គេល្អទៅគេរៀបចំគំរោងត្រឹមត្រូវទៅ អ៊ីចឹងមានន័យថាខ្ញុំអត់មានគំរោងរៀបចំត្រឹមត្រូវ? ចំលើយគឺខ្ញុំមានគំរោងត្រឹមត្រូវ​ តែគិតមើលត្រូវធ្វើការព្រឹកល្ងាចដើម្បីយកលុយមកធ្វើសារណា ព្រោះមិនអាចពឹងអ្នកផ្ទះបានសូម្បីមួយរៀល។ ខ្ញុំចេញពីធ្វើការភ្លាម ត្រូវគូរប្លង់នឹងបន្តកិច្ចការងារភ្លាម(រកតែពេលមើលរឿងភាគកូរ៉េមិនបាន)។

រឿងដែលខ្ញុំតូចចិត្តបំផុតគឺរកពឹងមនុស្សម្នាក់មិនបានសោះ មាត់គេថាជួយធ្វើការយើង(ធ្វើការងារទាក់ទងនឹងក្រាហិកតិចតួចណឹងណា) តែដល់សំរេចសំរួលអត់កើតការអីទាំងអស់(យ៉ាប់ណាស់ពួកអស់ណឹង)។​ អ្នកទាំងអស់គ្នាសាកគិតទៅ! យើងកំពុងស្ថិតក្នុងគ្រាអាសន្ន ហើយសង្ឃឹមថាគេអាចជួយ តែបែរជាគ្មានអ្នកណាអាចជួយ(ចង់យំដែរទេតើ តែយំធ្វើអីនាំពួូកណឹងបានចិត្តណឹង)។

ថ្ងៃជិតឡើងការពារមែនទែន បានសិស្សច្បងច្បងខ្លះគាត់ជួយជ្រោមជ្រែង។​ សិស្សច្បងខ្លះបានជួយឆ្លង(ពិគ្រោះយោបល់)គ្រឿងបង្គុំអាគារ សិស្សច្បងខ្លះបានឲ្យកុំព្យូទ័រខ្ចី និងនៅចាំជួយrender(អត់ដឹងថាភាសាខ្មែរគេថាយ៉ាងម៉េចទេ) ហើយសិស្សច្បងខ្លះទៀតក៏បានចែករំលែកពេលវេលាដ៏មានតំលៃរបស់គាត់ពីប្រទេសក្រៅដោយសុខចិត្តទទួលទូរស័ព្ទខ្ញុំ។​ ពិតជាអរគុណពួកគាត់មែនទែន។

មុនឡើងការពារមួយយប់សង្ឃឹមថាបានសំរាកហើយ តែត្រូវត្រៀមពាក្យពេចន៍ដែលត្រូវនិយាយ(មិនបាច់ដេកទេ)។

សកម្មភាពពេលបិទប្លង់មុនថ្ងៃឡើងការពារ
សកម្មភាពពេលបិទប្លង់មុនថ្ងៃឡើងការពារ
សកម្មភាពពេលបិទប្លង់មុនថ្ងៃឡើងការពារ
សកម្មភាពពេលបិទប្លង់មុនថ្ងៃឡើងការពារ

អ្នកខ្គះគិតថាឡើងនិយាយការពារស្នាដៃជារឿងមួយគួរឲ្យភ័យខ្លាច តែការពិតវាជារឿងធម្មតាសោះណឹង។ អ្វីដែលទាំងអស់គ្នាត្រូវធ្វើគឺត្រៀមនូវអ្វីដែលត្រូវនិយាយតាមលំដាប់លំដោយ។ ខាងក្រោមនេះជាអ្វីដែលខ្ញុំបានធ្វើ ៖

  1. ប្រាប់គណកម្មការអំពីមូលហេតុដែលត្រូវជ្រើសរើសយកគំរោងសិក្សា
  2. បង្ហាញពីទីតាំងពីរទៅបី ដែលសមស្របសំរាប់គំរោងបំផុត ហើយជ្រើសរើសយកមួយដែលសមជាងគេ
  3. ពន្យល់នូវអំណះអំណាងថាតើទីតាំងដែលយើងជ្រើសរើសណឹងល្អប៉ុណ្ណា
  4. ពន្យល់ពីគំនិតក្នុងការរៀចចំប្លង់ទិដ្ឋភាពរួម (ការប្រើប្រាស់លំហ ការប្រើប្រាស់អាគារ គោលគំនិតគោលក្នុងការរៀចចំទាំងប្លង់ទាំងមូល)
  5. ប្រាប់គណកម្មការថាតើមានអាគារអ្វីខ្លះ ហើយថាតើហេតុអ្វីបានអាគារមួយនេះនៅទីនេះ តែអាគារនោះនៅទីនោះទៅវិញ
  6. ពន្យល់ពីគំនិតសិក្សារបស់អាគារមួយៗ (ខ្ញុំសង្កេតឃើញថានិស្សិតភាគច្រើនពន្យលពីនេះពីនោះអត់ប្រយោជន៍ច្រើន)

ខាងលើគឺជាបទពិសោធន៍របស់ខ្ញុំ ហើយចុងក្រោយគណកម្មការសរសើពីភាពក្លាហានរបស់ខ្ញុំ ហើយគាត់ជួយផ្តល់ជាមតិយោបល់ជាជាងការបាញ់ ហើយគាត់ឆ្លៀតថែមថា គំនូរប្លង់អត់សូវល្អប៉ុន្មានទេ តែការនិយាយល្អ។

ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ
ពេលការពារសារណាហើយ

នេះគ្រាន់តែជាអ្វីដែលខ្ញុំចង់រំលែងតែប៉ុណ្ណោះ ដោយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទទួលយកបាន។

សូមចូលរួមមើលបទបង្ហាញគំរោងស្នាដៃបញ្ចប់បរិញ្ញាប័ត្រស្ថាបត្យកម្មរបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជំនាន់ទី២២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងអស់គ្នាចាប់ពីថ្ងៃស្អែកទៅ។

Advertisements
Gallery

ការប្រកួតប្រជែងស្ថាបត្យកម្មដើម្បីស្វែងរកគំនិតសំរាប់សំណង់បណ្តែតលើទឹកនៅលើបឹងទន្លេសាប

រូបភាពនេះជាកម្មសិទ្ធរបស់ Eleven-Magazine
រូបភាពនេះជាកម្មសិទ្ធរបស់ Eleven-Magazine

មិត្តភក្តិស្ថាបត្យករ​ នឹងអ្នកដែលមានគំនិតច្នៃប្រឌិតទាំងឡាយ​​ជាទីគោរព​!​ ពេលវេលាសំរាប់អ្នករាល់គ្នាក្នុងការជួយទៅដល់ប្រទេសកំណើតតាមរយៈគំនិត​ និងការរចនារបស់អ្នកបានមកដល់ហើយ ដោយគ្រាន់តែចូលរួមជាមួយការប្រកួតប្រជែងជាមួយគំរោងមួយនេះ។​ ដើម្បីជ្រាបច្បាស់ជាព័ត៌មាន​ សូមចូលទៅកាន់តំណភ្ជាប់នេះ

ការប្រកួតប្រជែងមួយនេះរៀបចំឡើងដោយ​Eleven Magazine ហើយមានការចូលរួមកាត់សេចក្តីដោយគណកម្មការដែលមានបទពិសោធក្នុងវិស័យស្ថាបត្យកម្ម។​ ការពិតនេះមិនមែនគ្រាន់តែជាគំរោងមួយជួយទៅដល់ប្រជាជនដែលរស់នៅបឹងទន្លេសាបប៉ុណ្ណោះទេ​ តែវាក៏ជួយផ្តល់កិត្តិយសដល់ខ្លួនឯងផ្ទាល់ផងដែរ​ ដោយសារតែការបោះពុម្ពផ្សាយនៅលើសារព័ត៌មានស្ថាបត្យកម្មធំៗនៅលើពិភពលោកប្រសិនបើអ្នកទាំងអស់គ្នាជាប់។

ប្រញ៉ាប់ប្រញ៉ាល់ឡើងពីព្រោះថ្ងៃផុតកំណត់ទទួលស្នាដៃជិតខិតចូលមកដល់ហើយ ! ប្រសិនបើអ្នកទាំងអស់គ្នាមានបញ្ហាក្នុងការយល់ភាសាអង់គ្លេសនៅលើគេហទំព័រផ្លូការដែលរៀបចំកម្មវិធីនេះ​ កុំបារម្ភអីគ្រាន់តែផ្ញើជាសារអេឡិចត្រូនិតមកកាន់ខ្ញុំជាភាសាខ្មែរតាមរយះ​​ virakroeun@hotmail.com ឬក៏សរសេជាមតិយោបល់ខាងក្រោមការបោះពុម្ពផ្សាយនេះ ខ្ញុំនឹងព្យាយាមជួយឆ្លើយឲ្យបានលើនតាមដែឡអាចធ្វើទៅបាន។

ជោគជ័យទាំងអស់គ្នា !

Gallery

គំរោងបណ្តោះអាសន្នការពារថ្មើរជើង​​​ Allongé របស់​ ហាឌីត ហ្សាហា (Zaha Hadid)

រក្សាសិទ្ធដោយ ៖ Scott Frances
រក្សាសិទ្ធដោយ ៖ Scott Frances

គំរោងការពារថ្មើរជើងAllongéគឺជាគំរោងមួយដ៏ទាក់ទាញ​ និងប្លែកពីក្រុមហ៊ុនស្ថាបត្យកម្ម ហាឌីត ហ្សាហា(Zaha Hadid)។​ គំរោងនេះធ្វើឡើងជាផ្នែកមួយនៃការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពថ្មើរជើងដែលប្រើប្រាស់ផ្លូវផ្សេងៗនៅលើសំណង់ខ្សែរថភ្លើងចាស់ហាយឡាញ(High Line)​នៅទីក្រុងញូយ៉ក។ ដោយហេតុតែក្រុមហ៊ុននេះទទួលរចនាអាគារលំនៅដ្ឋានប្រមូលផ្តុំ 520 west 28th street មានទីតាំងស្ថិតនៅកណ្តាលសង្កាត់វប្បធម៌មហាតាន់(Manhattan)ក្នុងតំបន់ឆេលសុីខាងលិច(West Chelsea)​ស្របនឹងគំរោងហាយឡាញ(High Line)​​ ហេតុដូចនេៈគេក៏បានរចនាផ្លូវដើរបណ្តោះអាសន្ននេះឡើងដើម្បីសុវត្ថិភាពអ្នធ្វើដំណើរក៏ដូចជាផ្តល់សោភ័ណ្ឌថ្មីដល់គំរោងចាស់ផងដែរ។

រក្សាសិទ្ធដោយ ៖ Scott Frances
រក្សាសិទ្ធដោយ ៖ Scott Frances

បើទោះបីជា វាជាគំរោងការពារថ្មើរជើងពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុក៏ដោយ​ ក៏គំរោងនេះបានរំលេចនូវការរចនាដ៏ផ្ចិតផ្ចង់ពីតារាស្ថាបត្យករដែរ​។​ ភាពផ្ចិតផ្ចង់នេះស្តែងចេញតាមរបៀបដែលស្ថាបត្យករជ្រើសរើសពណ៌​ និងរត្ថុដែលគេប្រើប្រាស់សំរាប់គំរោងនេះ។​ គំនិតក្នុងការរចនាគំរោងនេះស្តែងឡើងតាមរយៈទំនាក់ទំនង​និងចលនាឌីណាមិចរបស់គំរោងចាស់​​ ដោយធ្វើឲ្យវាសុីចង្វាក់គ្នាទៅនឹងគំរោងដែលមានស្រាប់។

ផ្លូវដើរបណ្តោះអាសន្ននេះធ្វើអំពីក្រណាត់លោហៈពណ៌ប្រាក់ព័ទ្ធជុំវិញស៊ុមដែកខ្សែកោង​ ហើយមានកំពស់ប្រហែល ៤.៤ម៉ែត្រ​ នឹងប្រវែងប្រហែល ៣៤ម៉ែត្រ។

រក្សាសិទ្ធដោយ​​ ៖ Scott Frances
រក្សាសិទ្ធដោយ​​ ៖ Scott Frances

ឯកសារយោង ៖​​ designboom , archdaily

អំពីខ្ញុំ

សួស្តីអ្នកទាំងអស់គ្នា!

ខ្ញុំឈ្មោះ វីរៈ​​ ជានិស្សិតទើបបញ្ចប់សញ្ញាប័ត្រស្ថាបត្យកម្ម​(សញ្ញាប័ត្រគូរប្លង់ច្រើនជាង)នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។​ ខ្ញុំបានបញ្ចប់វាកាលពីឆ្នាំមុន​ ឆ្នាំ២០១៤​ ហើយពេលនេះខ្ញុំកំពុងធ្វើការជាមួយសមាគមមួយដែលមានគោលបំណងការពារ​ និងរក្សាសំណង់បេតិកភណ្ឌទីក្រុង។​ អ្នកទាំង អស់គ្នាអាចចូលទៅកាន់តំណភ្ជាប់នេះ​​ Spaceforarchitecture។ ការពិតខ្ញុំក៏ធ្វើការជាfreelancer ក្នុងផ្នែកស្ថាបត្យកម្ម​ និងរចនាក្រាហ្វិកផងដែរ។ អ្នកអាចរកព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនៅខាងក្រោម។

ការពិតប្លុកមួយនេះមានសកម្មភាពម្តងហើយកាលកំឡុងឆ្នាំ​២០០៩​ នៅពេលដែលខ្ញុំមករៀននៅភ្នំពេញដំបូង​(ខ្ញុំមកពីខេត្តបាត់ដំបង)​ ប៉ុន្តែដោយសារកត្តាពេលវេលា​ និងសម្ភារៈសំរាប់សរសេ​(កាលពីឆ្នាំ២០០៩ខ្ញុំមិនមានកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនទេ)​ ខ្ញុំក៏ខកខានមិនបានបន្ទាន់សម៏យប្លុកមួយនេះអស់រយះពេលយ៉ាងយូររហូតមកដល់ពេលឳឡូវនេះ​ទើបនឹងចាប់ផ្តើមសរសេវាឡើងវិញ។​ ខ្ញុំនៅតែមានចិត្តរសេមរសាមដោយមិនប្រាកដថាតើខ្ញុំមានពេលច្រើនប៉ុណ្ណាដើម្បីបន្ទាន់សម័យវាឲ្យដើរបានស្រួលបួលនៅឡើយទេ​ ប៉ុន្តែខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព។​ ខ្ញុំគិតថាការសរសេប្លុកនេះវាជាចំនែកមួយរបស់ខ្ញុំក្នុងការជួយដល់ការអានរបស់ប្រជាជនខ្មែរ​ ហើយខ្ញុំសង្ឃឹមថាវានឹងខ្លាចជាឯកសារស្ថាបត្យកម្មជាភាសាជាតិដ៏តូចមួយសំរាប់និស្សិតស្ថាបត្យកម្មត្រិះរិះពិចារណា។​ នៅពេលដែលខ្ញុំបាននឹងកំពុងរៀនស្ថាបត្យកម្មនៅឯសាលារចនា​ ខ្ញុំបានព្យាយាមស្វែងរកឯកសារផ្សេងៗជាភាសាខ្មែរនៅលើអាំងទែណេត​​ តែពិតជាអត់ប្រយោជន៍សោះព្រោះពពួកឯកសារទាំងឡាយមានតែជាភាសាបរទេស​​ ទើបខ្ញុំសំរេចចិត្តថាគួរតែធ្វើអ្វីម៉្យាងពេលដែលខ្ញុំរៀនចប់ដើម្បីលើកកម្ពស់ការស្វែងរកឯកសារជាភាសាជាតិនៅលើម៉ាសុីនរុករក។​​

Porteait for Blog-2

ទំនាក់ទំនងខ្ញុំតាមរយៈ
អុីម៉េល ៖ ​​virakroeun@hotmail.com