Gallery

មជ្ឈមណ្ឌលសហគមន៍បំណងល្អ

BOM-F7
© Lindsay Perth

ប្រហែលព័ត៌មាននេះរៀងយឺតក្នុងការផ្សព្វផ្សាយបន្តិច តែផ្សព្វផ្សាយយឺតប្រសើរជាងមិនបានផ្សព្វផ្សាយ មិនថាអ៊ីចឹង? តទៅនេះជាព័ត៌មានពីគំរោងអាគារសហគមន៍បំណងល្អដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

ការពិតទៅមជ្ឈមណ្ឌលសហគមន៍បំណងល្អនេះបានដំណើរការជាង១០ឆ្នាំមកហើយ តែដោយសារអាគារដំបូងមិនមានការរចនាបានត្រឹមត្រូវដោយខ្វះខាតនូវលំហរួមសំរាប់ទំនាក់ទំនងនៅក្នុងសហគមន៍ ដូចនេះទើបស្ទូឌីយូ អរឃីត (Orkidstudio) រួមសហការជាមួយនឹងការិយាល័យវិភាគសំណង់ StructureMode បានធ្វើការសាងសង់អាគារនៅទីតាំងនេះជាថ្មី។ អាគារថ្មីទាំងនេះមានលក្ខណៈទាក់ទាញ និងសន្សំសំចៃជាងអាគារមុនដែលធ្លាប់សាងសង់នៅទីនេះ។

គេលើកអាគារបង្រៀនសំខាន់ទាំងអស់ទៅជាន់ទីមួយដោយទុកជាន់ក្រោមជាលំហទទេធំមួយសំរាប់ជ្រកកំដៅ ភ្លៀង និងជាកន្លែងសំរាប់ទំនាក់ទំនងគ្នារវាងប្រជាសហគមន៍។ ការពិតគំនិតស្ថាបត្យកម្មមួយនេះយើងសង្កេតមាននៅតំបន់ត្រូពិកតាំងពីយូរណាស់មកហើយ ដោយហេតុតែត្រូពិកជាកន្លែងដែលមានភ្លៀង និងកំដៅខ្លាំងដូចនេះម្លប់ជាគំនិតចាំបាច់ក្នុងការរចនាអាគារ។

ការប្រើប្រាស់ថាមពលតិចក្នុងការរចនាក៏ជាផ្នែកមួយសំខាន់ដែរ។ យើងឃើញថាអាគារទាំងឡាយនេះប្រាកដជាប្រើប្រាស់ថាមពលតិចជាងអាគារដែលសាងសង់ជាច្រើននៅទីក្រុងភ្នំពេញមិនខាន បើទោះបីជាគ្មានការវិភាគនិងរបាយការណ៍វិទ្យាសាស្រ្តត្រឹមត្រូវក៏ដោយ។ បង្អួតធំៗធ្វើអំពីក្រណាត់ និងឬស្សីដែលអាចឲ្យពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់។ ដំបូលអាគារមានពីរផ្មែកលើក្រោម អនុញ្ញាតឲ្យខ្យល់ក្តៅរត់ចេញពីបន្ទប់បាន តែវាក៏ជាប្រភពផ្តល់ពន្លឺធម្មជាតិបំភ្លឺទៅដល់ថ្នាក់រៀនផងដែរ។

មជ្ឈមណ្ឌលថ្មីនេះមានលំហបង្រៀនធំៗចំនួនបួន ថ្នាក់កុំព្យូទ័រ បន្ទប់រដ្ឋបាល និងលំហសេវាកម្មផ្សេងៗ។ ទីនេះក៏មានបន្ទប់សំរាប់ផលិតកម្មសាប៊ូផងដែរ ដែលសង់ឡើងក្រោមដំបូលអាគារចាស់។ នេះជាការលើកទឹកចិត្តមួយក្នុងគោលដៅឲ្យមាតាបិតាសិស្សបញ្ចូនកូនៗគាត់មករៀនជាងបង្ខំឲ្យពួកគេធ្វើការតាំងពីក្មេង។ កន្លែងផលិតសាប៊ូនេះក៏ផ្តល់ឲ្យស្រ្តីក្នុងសហគមន៍នូវឱកាស់រៀនពីជំនាញថ្មីនិងរកប្រាក់ចំណូលផងដែរ។

02__1F_PLAN__BOM

04__SECTION_B__BOM

ចំនុចគួរឲ្យចាប់អារម្មណ៍បំផុតក្នុងគំរោងនេះ

ស្ទូឌីយូ អរឃីត (Orkidstudio) រួមសហការជាមួយនឹងការិយាល័យវិភាគសំណង់StructureMode ជាមួយនឹងរបៀបចាក់បេតុងថ្មីដោយប្រើក្រណាត់ដើម្បីធ្វើពុម្ពវា។

“នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបប្រទះនូវការថយចុះនូវគំរបព្រៃឈើជាលំដាប់គួរឲ្យភ្ញាក់ផ្អើល ហើយឧស្សាហកម្មព្រៃឈើនៅតែមិនអាចគ្រប់គ្រងបានក្នុងទ្រង់ទ្រាយធំ។ ការប្រើប្រាស់បេតុងដែលចាក់ពុម្ពពីក្រណាត់នឹងអាចជួយកាត់បន្ថយការប្រើប្រាស់ឈើនៅតាមការដ្ឋានសំណង់បានមួយផ្នែក ហើយបច្ចេកទេសនេះគ្រាន់តែទាមទារនូវឈើដើម្បីទប់ក្រណាត់តែប៉ុណ្ណោះ” ។

ការិយាល័យវិភាគសំណង់ StructureMode បានប្រើប្រាស់កម្មវិធី Oasys GSA Suite ដើម្បីវិភាគគុណភាពបេតុងក្នុងក្រណាត់។ ការិយាល័យនេះជាអ្នកផ្តល់នូវគំនូសទាំងឡាយទាក់ទងនឹងបង្គុំសំណង់ពីបេតុង។

សូមចូលរួមក្រលេកមើលគំនូសប្លង់ និងរូបភាពខ្លះៗនៃគំរោងទាំងអស់គ្នា។ រូបភាពទាំងអស់នេះរក្សាសិទ្ធដោយ ស្ទូឌីយូ អរឃីត (Orkidstudio) និង ការិយាល័យវិភាគសំណង់StructureMode ។

06__CANTILEVER__BOM

05__BUILD_SEQUENCE__BOM

Advertisements
Gallery

រីករាយថ្ងៃកំណើតលោកតា វណ្ណ ម៉ូលីវណ្ណ!

965775_710860595607239_1207438198_o-2 copy
រក្សាសិទ្ធដោយ ៖ ពុំ មាសបណ្តូល

កើតនៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ១៩២៦ នៅរាម ខេត្តកំពត លោកតាវណ្ណ ម៉ូលីវណ្ណជាស្ថាបត្យករ និងជានិមិត្តរូបនៃកម្ពុជាសម័យទំនើបដែលមិនអាចនឹងបំភ្លេចបាន។ គាត់ទទួលបានសញ្ញាប័ត្រប៉ាក់កាឡូរ៉េអាពីវិទ្យាល័យស៊ីសុវត្ថិ(វិទ្យាល័យតែមួយគត់នៅក្នុងស្រុកកាលសម័យនោះ)នៅឆ្នាំ១៩៤៤ ហើយគាត់បានទទួលអាហារូបករណ៍ដើម្បីទៅសិក្សានៅបារាំង។ គាត់រៀនច្បាប់មុន ហើយក្រោយមកក៏រៀនស្ថាបត្យកម្មវិញនៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈ(ENSBA)។ លោកតាវណ្ណ ម៉ូលីវណ្ណរៀនក្នុងស្ទូឌីយ៉ោរបស់សាស្រ្តាចារ្យ Louis Arretche។

លោកតាបានចូលរួមសន្និសិទ្ធជាច្រើននៅប៉ារីសដែលធ្វើឡើងដោយ Le Corbusier និងចលនាទំនើបនិយម ប៉ុន្តែអ្នកដែលគាត់ចូលចិត្តខ្លាំងបំផុតនោះគឺ Paul Rudolph តាមរយៈអាគារវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតដែលប្រើប្រាស់បេតុងឲ្យមានលក្ខណៈធម្មជាតិ។ តាមរយៈលោកតា Paul Rudolph គឺជាជាងចម្លាក់(sculptor) អ្នកផ្តោតលើគ្រោងសំណង់(structuralist) និងអ្នកដែលគិតពីការប្រើប្រាស់របស់មនុស្ស(humanist) ក្នុងពេលជាមួយគ្នា។

ចន្លោះឆ្មាំ១៩៥០ និង១៩៥២ គាត់បានរៀនអំពីសិល្បៈខ្មែរនៅសាលាលូវនាទីក្រុងប៉ារីស(Ecole du Louvre)។ ចុងបញ្ចប់នៃការសិក្សារបស់គាត់នៅទីក្រុងប៉ារីស គាត់បានជ្រើសរើសសិក្សាពីស្ថាបត្យកម្មក្នុងស្រុករបស់ប្រទេសប្រេស៊ីល។

លោកតាបានមកដល់ក្នុងស្រុកវិញនៅឆ្នាំ១៩៥៦ ហើយនៅឆ្នាំ១៩៥៧ គាត់និងមិត្តភក្កិគាត់ម្នាក់ទៀតឈ្មោះ សេង ស៊ុនធេង បានបើកការិយាល័យស្ថាបត្យកម្មជាមួយគ្នានៅទួលគោក តែដោយសារមានគំរោងតិចពេក ការិយាល័យនោះក៏បានបិទទៅវិញ។ ស្នាដៃមួយដែលការិយាល័យនេះបានរចនាឡើងគឺអតីតផ្ទះលោកវេជ្ជបណ្ឌិតមួយរូបដែលឥឡូវក្លាយជាការិយាល័យអាកាសចរណ៏ស៊ីវិលតាមបណ្តោយមហាវិថីព្រះនរោត្តម។

ក្រោយមកគាត់បានក្លាយជាស្ថាបត្យកររដ្ឋដោយរដ្ឋាភិបាលចាត់តាំងឲ្យក្លាយជានាយកផ្នែករៀចចំក្រុងនិងផ្ទះសំបែងនៅក្រសួងសាធារណការ។ ថ្វីត្បិតតែរដ្ឋាភិបាលនៅឆ្នាំ៦០ ត្រូវការអ្នកជំនាញសញ្ជាតិកម្ពុជាច្រើនមែន តែបើសិនជាលោកតាមិនមានទេពកោសល្យផ្នែកស្ថាបត្យកម្ម លោកក៏មិនអាចចូលរួមរចនាអាគារជាង១០០ជូនប្រទេសបានទេ។ អាគារអតីតទីស្តីការគណរដ្ឋមន្រ្តី និងសាលាច្បាប់ អាចជាគំនិតស្ថាបត្យកម្មទំនើបទាំងដុលមែន តែបើយើងក្រលែកមើលទៅលើអាគារក្រោយៗពីសំណង់សាលសន្និសិទចតុមុខយើងឃើញថា លោតាចាប់ផ្តើមព្យាយាមបញ្ចូលគំនិតស្ថាបត្យកម្មដែលមានក្នុងស្រុកជាមួយគមនិតដែលគាត់បានរៀនពីស្រុកបារាំង។ យើងឃើញលទ្ធផលនេះច្បាស់តាមរយៈសំណង់ពហុកីឡាដ្ឋានជាតិអូឡាំពិកដែលគាត់ហៅវាថាជឫអង្គរវត្តទីពីរ។ បើចង់ជ្រាបច្បាស់ពីអំណះអំណាងនេះសូមអានសៀវភៅ Building Cambodia ឬក៏ចូលរួមក្នុងដំណើរទេសចរណ៍ស្ថាបត្យកម្មឆ្នាំ៦០ដែលរៀបចំដោយ Khmer Architecture Tours ដែលរៀចចំរៀងរាល់សប្តាហ៍ទី៤នៃខែនិមួយៗ។

ខ្ញុំគិតថាអ្នកអាចរករូបភាពអាគារដែលគាត់បានរចនាជាច្រើននៅលើហ្គូហ្គលដោយខ្ញុំមិនចាំបាច់ដាក់បង្ហាញទៀតទេនៅលើអត្ថបទមួយនេះ។

ឯកសារយោង Building Cambodia ‘ New Khmer Architecture ‘

Gallery

បទពិសោធន៍ផ្ទាល់ខ្លួននៅប្រទេសជប៉ុន

ដូចដែលខ្ញុំបានប្រាប់ពីអត្ថបទមុននេះអ៊ីចឹង អត្ថបទមួយនេះនឹងបង្ហាញពីបទពិសោធន៍របស់ខ្ញុំនៅប្រទេសជប៉ុន។ ខ្ញុំសង្ឃឹមថាវានឹងអាចជួយអ្នកដែលមានគំរោងទៅប្រទេសជប៉ុនឲ្យបានដឹងខ្លះៗពីប្រទេសនេះ។ សូមអានអត្ថបទទាំងស្រុងខាងក្រោម !

ដំណើរទៅកាន់ទឹកដីទំនើបជាងគេនៅអាសុី

កាលពីខ្ញុំនៅតូច ខ្ញុំតែងតែស្ញើចសរសើអំពីវប្បធម៌សិល្បៈរបស់ប្រទេសជប៉ុន ហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងទៅដល់ដែនដីទំនើបជាងគេនៅអាសុីមួយនេះ។ ដូចការប៉ងទុកមែន ខ្ញុំបានទៅដល់ប្រទេសជប៉ុននៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៥តាមរយៈការអញ្ញើញពីលោកសាស្រ្តាចារ្យ យូសុីយូគី យា៉ម៉ាណា ដោយមានការឧបត្ថមពីមូលនិធិប្រទេសជប៉ុន ( JAPAN Foundation ) និង DOCOMOMO Japan

ខ្ញុំចេញដំណើរពីភ្នំពេញនាម៉ោង ០៥:៥០ ល្ងាចតាមជើងហោះហើរ Vietnam Airlines ហើយឈប់សំចតនៅទីក្រុងវៀងច័ន្ទប្រហែលកន្លះម៉ោងទើបចេញដំណើរទៅទៀតឆ្ពោះទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាម។ ខ្ញុំទៅដល់វៀតណាមនៅម៉ោងប្រហែល ១០ យប់ ហើយឈប់នៅទីនោះប្រហែលបីម៉ោងទើបបន្តដំណើរទៅកាន់ទីក្រុងហ្វូគូអ៊ូកាប្រទេសជប៉ុន។

បីម៉ោងសំរាប់ការស្វែងរកព័ត៌មានអំពីទីក្រុងហ្វ៊ូគូអ៊ូកាពិតជាមិនគ្រប់គ្រាន់មែន ដូចនេះខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាព្យាយាមរកព័ត៌មានទាំងឡាយឲ្យបានរួចរាល់មុនចេញដំណើរ។ តាមរយៈព័ត៌មានដែលបានទទួលតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនដែលប្រតិបត្តិសេវាកម្មរថភ្លើងក្រោមដី យើងនឹងទទួលបានព័ត៌មានពីសេវាកម្មនេះដោយស្រពិចស្រពិលមិនច្បាស់ថាតើវារត់ម៉ោងប៉ុន្មានឬក៏ឈប់នៅម៉ោងប៉ុន្មានទេ តែប្រហែលមកពីភាសាអង់គ្លេសរបស់ខ្ញុំមិនអាចប្រើការបាន? ត្រង់ចំនុចនេះសូមបញ្ជាក់ថារថភ្លើងក្រោមដីទាំងនៅហ្វ៊ូគូអូកា និងតូក្យូរត់ចាប់ពីម៉ោង ៥ព្រឹកដល់ម៉ោងប្រហែល ១២យប់ តែបើចង់បានព័ត៌មានលម្អិតពីខ្សែណារត់ពីម៉ោងប៉ុន្មាន អ្នកទាំងអស់គ្នាត្រូវតែរកមើលវាដោយខ្លួនឯងតាមស្ថានីយរៀងៗខ្លួន។

ចេញពីទីក្រុងហាណូយម៉ោង ០១:២៥ នាទី ខ្ញុំក៏បានទៅដល់ទីក្រុងហ្វ៊ូគូអូកានៅម៉ោងប្រហែលជា ០៧:៣០នាទីព្រឹក។

ការធ្វើដំណើរទៅកាន់សណ្ឋាគារពីព្រលានយន្តហោះ

ខ្ញុំបានទៅដល់ស្ថានីយ៍អ្នកដំណើរអន្តរជាតិនាម៉ោងប្រហែល ០៧:៣០នាទីព្រឹក។ សំណាងមែនទែនដែលព្រលានយន្តហោះនៅទីនោះផ្តល់សេវាអាំងទែណេតឥតគិតថ្លៃ ពីព្រោះថាមិនអ៊ីចឹងទេប្រហែលជាមិនដឹងរកផ្លូវតាមណាឃើញទៅសណ្ឋាគារទេ។

ក្រោយពីប្តូរលុយពីដុល្លាទៅលុយយ៉េន(ស្រុកគេអត់ចាយលុយដុល្លាដូចយើងទេ)ហើយ ខ្ញុំក៏ឡើងជិះរថយន្តក្រុងឥតគិតថ្លៃដែលផ្តល់ដោយអាកាសយានដ្ឋានពីស្ថានីយអ្នកដំណើរអន្តរជាតិទៅកាន់ស្ថានីយអ្នកដំណើរក្នុងស្រុក ដោយហេតុតែនៅទីនោះទើបមានសេវាកម្មរថយន្តក្រុងសាធារណៈ និងរថភ្លើងក្រោមដី។ បើសិនជាអ្នកចង់ទិញលេខទូរស័ព្ទនៅទីនេះក៏បាន វាមានតំលៃប្រហែល៣០ដុល្លាហើយប្រើបានមួយសប្តាហ៍ តែខ្ញុំអត់បានទិញទេដោយគិតថាវាថ្លៃពេក។

ទៅដល់ស្ថានីយដំបូងត្រូវសួរអ្នកដែលលក់សំបុត្ររថយន្តក្រុងអំពីទីតាំងរថភ្លើងក្រោមដីទៀតថាត្រូវទៅតាមស្ថានីយណា ដោយការពិតស្ថាន័យរថភ្លើងនៅជិតនឹងមុខសោះ តែនរណាទៅដឹងបើមិនដែលទៅជប៉ុនផង! ចូលទៅដល់ក្នុងស្ថានីយ៍រថភ្លើងត្រូវជួបឧបសគ្គមួយវគ្គទៀតដោយមិនដឹងត្រូវទិញសំបុត្ររថភ្លើងតាមណាបើប្រើសុទ្ធតែម៉ាស៊ីនទាំងអស់។ តែកុំភ័យអី អ្នកទាំងអស់គ្នាអាចអានព័ត៌មានអំពីរបៀបប្រើនៅលើកា្តរព៏ត៌មាននៅលើម៉ាស៊ីនជាភាសាអង់គ្លេសបាន ណាមួយអ្នកអាចសួរបុគ្គលិកធ្វើការនៅស្ថានីយរថភ្លើងបាន ប៉ុន្តែបើសិនមានសំនួរជាភាសាជប៉ុនអាចត្រៀមឲ្យហើយទៅ ព្រោះប្រជាជនជប៉ុនមិនសូវប្រើភាសាអង់គ្លេសប៉ុន្មានទេ។ សំណាងល្អអ្នកដែលខ្ញុំជួបភាគច្រើនអាចទំនាក់ទំនងជាភាសាអង់គ្លេសបាន។

ខ្ញុំជិះរថភ្លើងក្រោមដីតាមខ្សែរត់គូគូ(kuko, សំរាប់ព័ត៌មានសូមចុចលើតំណភ្ជាប់នេះ) ឆ្ពោះទៅកាន់ស្ថានីយ ណាកាសូកាវ៉ាប៉ាតា។ ដល់ស្ថានីយនេះប្រហែលម៉ោងប្រាំបួនកន្លះព្រឹក ក៏ដើរទៅរកសណ្ឋាគារចុះឡើងដោយមិនដឹងថាវាទៅណាបើទោះជាមានផែនទីប្រើបានដោយមិនបាច់អាំងទែណិតក៏ដោយ។ សូមណែនាំឲ្យប្រើកូនកម្មវិធី MAPS.ME សំរាប់ផែនទីប្រើបានដោយមិនបាច់អាំងទែណិត។ អ្នកទាំងអស់គ្នាអាចទាញយកផែនទីតំបន់ដែលអ្នកចង់ទៅបានយ៉ាងងាយស្រួល មិនដូចផែនទីរបស់ហ្គូហ្គលទេ (បញ្ជាក់ : កាលខ្ញុំទៅក្រុមហ៊ុនហ្គូហ្គលមិនទាន់ដាក់ឲ្យប្រើប្រាស់សេវាកម្មផែនទីប្រើបានដោយមិនបាច់អាំងទែណិតទេ)។

ទៅដល់សណ្ឋាគារ ( yassss ) ហើយដើរមិនដឹងគោលដៅ

ការពិតទៅសណ្ឋាគារត្រូវដើរតែពីរប្លុកសោះក៏ដល់ តែខ្ញុំដើររេរាចុះឡើងរហូតដល់ម៉ោងជិត១០ព្រឹកទើបទៅដល់សណ្ឋាគារ។ សណ្ឋាគារដែលខ្ញុំស្នាក់នៅទទួលការចុះឈ្មោះនៅម៉ោងបីល្ងាច ដល់ចឹងទៅក៏ត្រូវចាំរហូតដល់ម៉ោងណឹង តែចៃដន្យអី ខ្ញុំមិននៅក្នុងណឹងរហូតទេ។ ខ្ញុំចេញមករកអីញ៉ាំនៅម៉ោងប្រហែល១១ព្រឹក។ គិតថាចង់ទៅញ៉ាំមីជប៉ុន ក៏សួរយោបល់អ្នកទទួលភ្ញៀវនៅសណ្ឋាគារ។ គេសរសេហាងមីឲ្យដោយមានភ្ជាប់ជាមួយផែនទីទៀត គិតថាខ្ញុំនឹងអាចភ្លក់រសជាតិមីជប៉ុនពិតៗហើយ តែមានអីទៅដល់ហាងទីមួយភ្លាមអ្នកបំរើសេវាកម្មនិយាយជប៉ុនដាក់ (ប្រហែលគិតថាខ្ញុំជនជាតិជប៉ុនដឹង) ហើយគេចង្អុលឲ្យឡើងទៅលើជាន់ទីមួយ (ហាហា ពេលនេះបានសាកមែនទែនហើយ ទោះគេនិយាយជប៉ុនដាក់ក៏មិនថ្វី គ្រាន់តែចង្អុលទៅបានហើយ)។ ទៅដល់ជាន់ទីមួយ គេប្រើម៉ាស៊ីនទៀត (ចប់ហើយ)។ តែមិនជាថ្វីឈរមើលគ្រួសារមួយក្រុមមកដល់ក្រោយខ្ញុំធ្វើការកុម្ម៉ង់ ហើយចាំធ្វើតាមគេ តែធ្វើតាមគេមិនកើតព្រោះម៉ាស៊ីននោះបង្ហាញភាសាជប៉ុនទាំងអស់ ក៏សំរេចចិត្តចុះមកក្រោមវិញ ហើយដើររកកន្លែងផ្សេងទៀតដែលគេប្រាប់ តែរកមិនឃើញទាំងអស់។ មិនជាថ្វីខ្ញុំក៏បានទៅកន្លែងមួយដែលនៅជិតសណ្ណាគារជាងគេ។ កន្លែងណឹងប្រៀបដូចជាសូរិយាម៉លអ៊ីចឹង តែវាងាយស្រួលនឹងរៀចចំត្រឹមត្រូវជាង។ ខ្ញុំទៅដល់ស្ថានីយណាកាសូកាវ៉ាប៉ាតាហើយក៏បានសាកហាងកាហ្វេវេឡូឆេ (veloce)សង្ឃឹមថាគេផ្តល់អាំងទែណិតហើយអាចសាកទូរស័ព្ទបាន តែអត់ឱកាសទាំងពីរដោយព្រីភ្លើងមិនត្រូវជាមួយឆ្នាំងសាកទូរស័ព្ទមកពីតំបន់អាស៊ីអាគ្នេយ៍។ បើសិនជាអ្នកទាំងអស់គ្នាទៅជប៉ុនត្រូវស្វែងរកព័ត៌មានអំពីព្រីភ្លើងនៅជប៉ុនសិនប្រយ័ត្នឧបករណ៍អេឡិចត្រូនិចអស់ថ្មហើយមិនអាចទាក់ទងនឹងអ្នកនៅស្រុកបាន។ នៅក្នុងហាងកាហ្វេនេះបានជួបអ៊ំប្រុសជនជាតិជប៉ុនមួយដោយគាត់សួររាក់ទាក់ថាមកពីណា ហើយមករៀននៅជប៉ុនឬក៏អី ! នេះប្រហែលជាខ្ញុំស្លៀកពាក់ដូចអ្នកទេសចរ។

ចេញពីហាងកាហ្វេក៏ដើរតេលតោលទៀតរហូតទៅដល់វិហារគូស៊ីដា(Kushida Shrine)។ នៅទីនោះមានអាគារបុរាណប្រពៃណីជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។ ចេញពីវិហារនេះ ខ្ញុំក៏ដើរទៅដល់អាគារទិញទំនិញ កាណាល់ស៊ីតធី។ មិនចង់និយាយច្រើនពីអាគារនេះ ព្រោ៖គ្មានអីគួរឲ្យចាប់អាម្មណ៍ តែគ្រាន់តែចង់ប្រាប់ថាវាធំខ្លាំង ហើយអ្នកចង់រកខោអាវម៉ាកអីក៏មាន។

ព្រះវិហារគូស៊ីដា

គេស្គាល់ព្រះវិហារធំដែលសាងសង់ឡើងដើម្បីថែរក្សាការពារតំបន់ហាកាតាទាំងមូលយ៉ាងទូលំទូលាយ ហើយជាទូទៅគេសំដៅវាថាជា ” Okushida-san “។

គេសង់វិហារនេះឡើងដោយឧទ្ទិសទៅដល់អាទិទេព អូហាតានឹស៊ី ណូ មីកូតូ, អាម៉ាតេរ៉ាសឹ ណូ អូមីកាមី (អាទិទេពព្រះអាទិត្យ) នឹង សឹសាណូវ៉ូ ណូ មីកូតូ (អាទិទេពសមុទ្រ និងព្យុះ)។ តាមប្រពៃណី នៅឆ្នាំ ៧៥៧ នៅពេលដែលអធិរាជ កូកិន (Koken)នៅសោយរាជ្យនៅឡើយ ហើយ តៃរ៉ាណូ គីយ៉ូម៉ូរី បានយកផែ ហាកាតា ជាមូលដ្ឋានពាណិជ្ជកម្មចិនជប៉ុន ពេលនោះគេក៏បានសាងសង់វិហារមួយនេះតាមរាជបញ្ជារបស់អធិរាជ ដើម្បីឧទ្ទិសដល់អាទិទេពជាមួយគ្នានឹងព្រះវិហារគូស៊ីដានៅខេត្តអ៊ីសេ (ឥលូវខេត្តមីយ៉េ)។ កំឡុងពេលការសាងសង់ហាកាតាឡើងវិញនាឆ្នាំ ១៥៨៥ តូយ៉ូតូមី ហ៊ីដេយ៉ូស៊ីបានដាក់ចិត្តដាក់កាយដើម្បីសង់ឡើងវិញនូវអាគារសំខាន់របស់ព្រះវិហារដែលបន្សល់ទុកដល់ឥលូវ។

ពិធីបុណ្យ ហាកាតា ហ្គីយ៉ុន យ៉ាម៉ាកាសា ដែលគេស្គាល់ថាជាពិធីបុណ្យរដូវក្តៅរបស់តំបន់ហាកាតា ត្រូវគេធ្វើជាពិសេសដល់វិហារមួយនេះ។

សូមរង់ចាំអានសំណេរពីបទពិសោធន៍នៅជប៉ុនរបស់ខ្ញុំម្តងទៀតនៅពេលក្រោយ ព្រោះមិនចង់ឲ្យអត្ថបទអានវែងពេលនាំឲ្យគេធុញ។ អរគុណ