Gallery

ព័ត៌មានខ្លះៗអំពីប្រ៊ីសសូឡី

បើសិនជាគេរចនាអាគារមួយតាមរយៈគោលការណ៍ស្ថាបត្យកម្មសម័យទំនើបទាំងប្រាំរបស់លោកឡឺ ក័រប៉ុយស៊ីយ៉េនៅតំបន់ត្រូពិក តើមនុស្សដែឡរស់នៅក្នុងអាគារនោះទទួលបានសេចក្តីស្រណុកសុខស្រួលដោយសារតែកម្តៅភាយចេញពីបង្អួចកញ្ចក់ដែរឬទេ? ចម្លើយរបស់សំណួរនេះប្រហែលជាកត្តាលីករមួយរុញច្រានឲ្យលោកឡឺ ក័រប៉ុយស៊ីយ៉េព្យាយាមស្វែងរកប្រព័ន្ធមួយដែលអាចអនុញ្ញាតឲ្យស្ថាបត្យកម្មសម័យទំនើបនៅតែបានគេប្រើប្រាស់សមស្របនៅតំបន់អាកាសធាតុក្តៅ។ ប្រព័ន្ធនេះមានឈ្មោះថា ប្រ៊ីសសូឡី brise-soleil ។

តើអ្វីទៅគឺជា ប្រ៊ីសសូឡី brisesoleil?

បើសិនជាគេបកប្រែពាក្យ “ប្រ៊ីសសូឡី brise-soleil” ក្នុងន័យចំគឺមានន័យថា “អ្នកធ្វើបំណែងចែកព្រះសូរិយា” តែពាក្យថាប្រ៊ីសសូឡីក្នុងបរិបទនេះសំដៅទៅលើប្រព័ន្ធក្នុងស្ថាបត្យកម្មដែលស្ថាបត្យករព្យាយាមការពាររូបភាពមើលកំពស់(facade) របស់អាគារពីកម្តៅព្រះអាទិត្យ។ ប្រព័ន្ធប្រ៊ីសសូឡីនេះមានប្រើនៅក្នុងសំណង់ប្រពៃណីនៅប្រទេសក្តៅដែរកាលពីដើមឡើយឧទាហរណ៍ដូចជា ជញ្ជាំងឈើម៉ាស្រាប៊ីយ៉ា mashrabya នៅក្នុងពិភពស្ថាបត្យកម្មអារ៉ាប់ជាដើម។ ប៉ុន្តែលោកឡឺ ក័រប៉ុយស៊ីយ៉េជាអ្នកធ្វើឲ្យវិធីសាស្រ្តមួយនេះមានភាពពេញនិយមឡើងវិញនៅទសវត្សឆ្នាំ១៩៣០។

នៅឆ្នាំ១៩៣៦ លោកឡឺ ក័រប៉ុយស៊ីយ៉េបានក្លាយជាទីប្រឹក្សាជាន់ខ្ពស់សំរាប់គំរោងសាងសង់អាគារក្រសួងអប់រំ និងសុខាភិបាលនាទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ នៅក្នុងអាគារនេះហើយដែលឡឺ ក័រប៉ុយស៊ីយ៉េបានប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីដំបូងគេបង្អស់។ ទីក្រុងរីយ៉ូស្ថិតនៅខាងក្រោមខ្សែរក្វាទ័រក្នុងតំបន់ត្រូពិក ដូចនេះហើយអាកាសធាតុមានលក្ខណៈក្តៅសើម។ បើសិនជាស្ថាបត្យករចង់បានអាគារការិយាល័យដែលមានជញ្ជាំងកញ្ចក់បែរមុខទៅទិសណាមួយគប្បីត្រូវរកវិធីណាមួយដើម្បីអាចបញ្ចុះកម្តៅព្រះអាទិត្យដែលនឹងភាយចេញពីកញ្ចក់ចូលទៅក្នុងអាគារ។ ឡឺ ក័រប៉ុយស៊ីយ៉េបានឲ្យយោបល់ប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីនេះ ដើម្បីធ្វើឲ្យលំហខាងក្នុងនៃជញ្ចាំងកញ្ចក់នេះពន្លឺព្រះអាទិត្យគ្រប់គ្រាន់ប៉ុន្តែមិនមានកម្តៅនោះទេ។ នៅក្នុងសំណេរដែលសរសេឡើងដោយឡឺ ក័រប៉ុយស៊ីយ៉េនៅឆ្នាំ១៩៤៧ គាត់បានរលឹកថា៖ “កាលពេលនោះ(ខ្ញុំ)នៅទីក្រុងរីយ៉ូក្នុងឆ្នាំ១៩៣៦។ នៅកំឡុងពេលដែល(ខ្ញុំ)កំពុងធ្វើការនៅលើគំរោងមន្ទីរអប់រំជាតិ និងសុខាភិបាលសាធារណៈជាមួយលោកLuccio Costa លោកOscar Niemeyer លោកReidy លោកMoreiro លោកCarlson Lean លោកVascoucelos និងអ្នកផ្សេងៗទៀតជាច្រើន ខ្ញំបានរកឃើញចម្លើយទៅនឹងសំណួរដ៏សែនឈឺក្បាលមួយ ៖ កុំព្រួយច្រើន យើងនឹងប្រើប្រ៊ីសសូឡី។ នេះគឺជាហេតុផលនៅពីក្រោយចម្លើយនៃសំណួរដ៏សែនឈឺក្បាលនោះ៖ នៅតំបន់ត្រូពិកនៃទីក្រុងរីយ៉ូ ផ្ទៃផ្នែកខាងក្រៅអាគារនិមួយៗមិនអាចរចនាឲ្យប៉ះផ្ទាល់ទៅនឹងទិសខ្លះទេ ដោយសារតែព្រះអាទិត្យវាមានកម្តៅខ្លាំងពេក។ ខ្ញុំគូរ ប្រ៊ីសសូឡី នៅលើរាងចតុកោណកែង មានក្រឡាជាប៉ុងដាក់ស៊ុត សំរាប់រូបភាពមើលកំពស់ខាងកើត និងខាងត្បូង ហើយនឹងប្រ៊ីសសូឡីបញ្ឈរសំរាប់រូបភាពមើលកំពស់នៅទិសខាងលិច”។

MESP1.JPG
ប្រ៊ីសសូឡីនៅអាគារក្រសួងអប់រំ និងសុខាភិបាលនៅទីក្រុងរីយ៉ូ

បន្ទាប់ពីឆ្នាំ១៩៣៦ ឡឺ ក័រប៉ុយស៊ីយ៉េបាននៅតែបន្តប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីដដែល ដើម្បីកម្ចាត់កម្តៅព្រះអាទិត្យចេញពីអាគារបេតុងរបស់គាត់។ អាគារសំខាន់ៗដែលមានប្រើប្រព័ន្ធប្រ៊ីសូឡីមានជាអាទិ៍៖ អាគារអ៊ុយនីតេដាប៊ីតាស្យុង នៅទីក្រុងម៉ាកសី ប្រទេសបារាំង និងប្រជុំអាគារនៅកាំពីតូលកុំផ្លិច នៅទីក្រុងហ្សង់ឌីហ្កា ប្រទេសឥណ្ឌា។ នៅក្នុងអាគារអ៊ុយនីតេ យើងសង្កេតឃើញមានពាក្យបច្ចេកទេសមួយទៀត ប្រ៊ីសសូឡីឡូជៀរ(brise-soleil loggia)ដែលគួរឲ្យកត់សំគាល់។ ក្នុងគំរោងនេះ ឡឺ ក័រប៉ុស៊ីយ៉េបានប្រើប្រាស់ប្រ៊ីសសូឡីធ្វើជារនាំងខ័ណ្ឌចែករវាងជញ្ជាំងកញ្ចក់និងព្រះអាទិត្យដែរ ប៉ុន្តែគាត់បានទុកលំហចន្លោះរវាងប្រ៊ីសសូឡី និងជញ្ជាំងអាគារឲ្យធំបង្កើតបានជារានហាលដែលអាចឲ្យម្ចាស់អាគារប្រើប្រាស់បាន។

Unité_d'Habitation_de_Marseille_2.JPG
អាគារអ៊ុយនីតេ

កាលពិតទៅគំនិតដែលចង់ឲ្យមនុស្សរស់នៅមានផាសុខភាពរបស់ឡឺ ក័រប៉ុយស៊ីយ៉េគឺជាដើមចមនៃការបង្កើតប្រព៍ន្ធប្រ៊ីសសូឡីនេះឡើង។ ឡឺ ក័រប៉ុស៊ីយ៉េបានរចនាអាគារពីរជាមួយនឹងគំនិតបែបនេះ មួយនៅប៉ារី(Cite des Refuges) ហើយមួយទៀតនៅម៉ូស្គូ(Centrosoyuz)។ គាត់បានហៅទស្សវិស័យបែបនេះថា respiration exacte។ តែជាអកុសលអាគារទាំងពីរនេះមិនបានបង្ហាញពីការចង់បានរបស់ឡឺ ក័រប៉ុយស៊ីយ៉េទេ ដោយសារតែមានបញ្ហាការិយាធិប្បតេយ្យកើតឡើងក្នុងពេលសាងសង់។ នៅឆ្នាំ១៩៣០ គាត់បានរចនាអាគារ immeuble clarte។ បើពិនិត្យពិច័យពីរចនាសម្ព័ន្ធរបស់អាគារនេះយើងឃើញថាឡឺ ក័រប៉ុស៊ីយ៉េបានប្រើប្រាស់មធ្យោបាយមានលក្ខណៈមេកានិកច្រើនដើម្បីផ្តល់ជាម្លប់ និងផាសុខភាពដល់មនុស្សដែលរស់នៅក្នុងសំណង់នេះ។

ការប្រើប្រាស់ប្រ៊ីសសូឡីនាទសវត្សឆ្នាំ១៩៦០ នៅប្រទេសកម្ពុជា

ដោយសារប្រទេសកម្ពុជាមានអាកាសធាតុក្តៅសើម ដូចនេះការរចនាអាគារនិមួយៗក៏តម្រូវឲ្យមានការពិចារណាទៅតាមលក្ខណៈនេះដែរ។ នៅក្រោយសម័យឯករាជ្យ ស្ថាបត្យករជាច្រើនជាពិសេសលោកវណ្ណ ម៉ូលីវណ្ណបានបញ្ចប់ការសិក្សានៅប្រទេសបារាំង បានពាំនាំនូវគំនិតស្ថាបត្យកម្មសម័យទំនើបមកជាមួយ។ ក្នុងនោះដែរប្រព័ន្ធប្រ៊ីសសូឡីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទៅលើអាគារសាធារណៈ និងផ្ទះល្វែងជាច្រើននៅក្នុងប្រទេស។ អ្នកខ្លះអាចលើកជាចំងល់ថា ហេតុអ្វីយើងត្រូវសិក្សាពីវា ដោយសារតែគេអាចធ្វើឲ្យអាគារមានផាសុខភាពតាមរយៈប្រព័ន្ធHVAC បានក្នុងសម័យឥឡូវនេះ។ ប៉ុន្តែការប្រើប្រាស់ម៉ាស៊ីនត្រជាក់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន។

ខាងក្រោមគឺជាកម្រងរូបភាពនៃអាគារដែលមានប្រើនូវប្រព័ន្ធប្រ៊ីសសូឡីនៅទីក្រុងភ្នំពេញ៖

IMG_0691.jpg

IMG_0675.jpg

IMG_0644.jpg

DSC01153.jpg

IMG_1233.jpg

ឯកសារពិគ្រោះយោបល់

  1. The Idea of Le Corbusier on Architecture and Urban Planning
  2. Le Corbusier, The Brise-Soleil and the Socio-Climate Project of Modern Architecture, 1929-1963 ដោយ៖ Daniel A. Barber
  3. Le Corbusier’s Solar Shading Strategy for Tropical Environment: A Sustainable Approach ដោយ៖ Mohammad Arif Kamal
  4. Nineteen Thirties Architecture for Tropical Countries: Le Corbusier’s Brise-Soleil at the Ministry of Education in Rio de Janero ដោយ៖ Jose Manuel Almodovar Melendo, Jose Maria Cabeza Lainez and Juan Ramon Jimenez Verdejo
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s