Gallery

Patrik Schumacher ជាស្ថាបត្យករ អ្នកនយោបាយ ឬក៏ជនអនាធិបតេយ្យនិយម?

ប្រហែលអ្នកទាំងអស់គ្នាបានអាន ឬលឺអំពីព័ត៌មានថ្មីៗនេះអំពីគោលគំនិតរបស់អ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត ឈ្មោះ Patrik Schumacher ទៅលើការធ្វើឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈ លំនៅដ្ឋានសង្គម នៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសហើយ។ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានអានទេ សូមចូលទៅកាន់តំភ្ជាប់របស់ Dezeen នៅទីនេះ។ គាត់បាននិយាយជាសាធារណៈនាកម្មវិធី ពិធីបុណ្យស្ថាបត្យកម្មពិភពលោកនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ Patrik ព្យាយាមពន្យល់ថា គេគួរតែបោះចោលបទបញ្ញាត្តិផ្សេងៗក្នុងការសាងសង់សង់ផ្ទះសំបែង និងគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ដើម្បីត្រួសត្រាយផ្លូវឲ្យពួកអ្នកអភិវឌ្ឍលំនៅដ្ឋានមានសេរីភាពកាន់តែច្រើនក្នុងការបង្កើត”តម្លៃសមរម្យ”សំរាប់អ្នកដែលមានចំណូលទាប។ គោលគំនិតទាំង៨របស់គាត់ដើម្បីអាចរកអានបាននៅលើទំនភ្ជាប់ដែលខ្ញុំបានដាក់ជូននៅខាងលើ។

ខ្ញុំមានអារម្មណ៍តក់ស្លុតខ្លាំងមានទែន នៅពេលដែលបានដឹងពីព័ត៌មាននេះ ពីព្រោះខ្ញុំតែងតែគិតថា លំនៅដ្ឋានសង្គម និងកម្មវិធីគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែង គឺជាមធ្យោបាយតែមួយគត់សំរាប់ពេលឥលូវនេះ ដើម្បីដោះស្រាយបញ្ហាកំណើនប្រជាជនយ៉ាងគំហុកនៅក្នុងទីក្រុងនានានៅលើពិភពលោក។ ខ្ញុំដឹងថាមនុស្សរស់នៅបស្ចឹមលោកភាគច្រើន មានគំនិតមិនល្អទៅលើលំនៅដ្ឋានសង្គម ដោយសារកត្តាផ្សេងៗជាច្រើន ប៉ុន្តែបើអាគារទាំងនោះរចនាបានត្រឹមត្រូវ និងប្រកបដោយគំនិតច្នៃប្រឌិត ខ្ញុំជឿថាបញ្ហាទាំងពួងដែលពួកគេខ្លាចនឹងរលាយបាត់អស់។ នៅស្រុកយើង គំនិតអវិជ្ជមានអស់នឹង ក៏មានដែរ! ជាក់ស្តែង អាគារប៊ួឌីងស ដែលឃើញសព្វថ្ងៃ។ អ្នកខ្លះមកពីខាងក្រៅសឹងតែមិនហ៊ានដើរកាត់ផង ព្រោះគេគិតថាវាគ្មានសុវត្ថិភាព។ សួរថាតើស្ថាបត្យករ លូ ប៉ាន់ហាប់ និង វិស្វករ Vladimir Bondiasky រចនាវាមិនបានល្អ? ចំលើយជារួមគឺថាអត់មានទេ ពួកគាត់បានសិក្សាអំពីការរស់នៅរបស់ប្រជាជនខ្មែរច្បាស់ណាស់មុននឹងសំរេចចិត្តរចនាវាឡើងបែបនេះ។ គំរោងលំនៅដ្ឋានប្រមូលផ្តុំសង្គមមហិមា នឹងប្រថុយប្រថានបែបនេះ មិនអាចចេះតែរចនាផ្តេសផ្តាស់បានទេ តែដោយសារកត្តាផ្សេងៗជាច្រើនរួមផ្សំគ្នា បានធ្វើឲ្យអាគារមួយនេះមានសភាពទៅជាបែបនេះ។ គួរឲ្យស្តាយដែរដែលគេមានគំរោងវាយកម្ទេចវាចោល ហើយសាងសង់អាគារលំនៅដ្ឋានប្រមូលផ្តុំថ្មី ពីព្រោះថា អាគារប៊ូឌីងគឺជាសំណង់បេតិភណ្ឌមួយរបស់ទីក្រុងភ្នំពេញ ហើយវាជានិមិត្តរូបសំខាន់ក្នុងការបង្ហាញថា ចលនាស្ថាបត្យកម្មសម័យទំនើបនៅលោកខាងលិចបានមកដល់ស្រុកខ្មែរដែរ នៅទស្សវត្សទី៦០។ សង្ឃឹមថាការរចនាអាគារថ្មីនៅលើទីតាំងចាស់មានភាពប្រសើរជាងមុនទៅចុះ ពីព្រោះតាមគំនិតខ្ញុំបើកាលណាការចនាអាគារថ្មីស្រឡាង មិនអាចប្រៀបស្មើនឹងអាគារចាស់នៅលើទីតាំងនោះដែលគេបានវាយកំទេចចោល វាគឺជាការបរាជ័យមួយដ៏ធំធេងក្មុងវិស័យស្ថាបត្យកម្ម។

ឥលូវយើងចូលមកនិយាយពិសាច់រឿងរបស់អត្ថបទដែលខ្ញុំចង់និយាយវិញម្តង។ ការលុបបំបាត់បទបញ្ញាត្តិក្នុងការសាងសង់ផ្ទះសំបែងមិនមែនជាគំនិតត្រឹមត្រូវនោះទេ។ ខ្ញុំប្រហែលជាគិតខុសនៅទីនេះ(ពីព្រោះអត់ទាន់ស្រាវជ្រាវឲ្យដិតដល់ពីបញ្ហានេះ) ប៉ុន្តែមុននឹងមានបទបញ្ញាត្តិសាងសង់ផ្សេងៗ រាជការតែងតែមានអ្នកជំនាញបច្ចេកទេសឆ្លងយោបល់ជាមុនសិនដើម្បីអាចចេញសេចក្តីសំរេចបាន។ ការលុបបំបាត់នេះ នឹងផ្តល់សេរីភាពដល់ស្ថាបត្យករពិតមែន តែផលវិបាកផ្សេងទៀតនឹងកើតមានឡើងជាក់ជាមិនខានដូចជាកង្វះខាតបទដ្ឋានបច្ចេកទេសសុវត្ថិភាពជាដើម។ តើ Patrik ប្រាកដក្នុងចិត្តដែរឬអត់ថា ក្រោយការលុបបំបាត់បទដ្ឋានបច្ចេកទេសសំណង់ ម្ចាស់សំណង់ទាំងឡាយមានមូលធននឹងជ្រើសរើសយកការិយាល័យប្រកបដោយភាពឆ្នៃប្រឌិតដូច ហ្សាហា ហាឌីត មករចនាអាគារឲ្យពួកគេ? មានទឡ្ហីករមួយដែលខ្ញុំចង់លើកមកនិយាយ។ ការិយាល័យ ហ្សាហា ហាឌីត បានទទួលភារកិច្ចដើម្បីរចនាអាគារវិទ្យាស្ថានស្លឹករិត(សូមចុចលើតំណភ្ជាប់នេះដើម្បីមើលអំពីគំរោងដើម) នៅក្នុងទីក្រុងភ្នំពេញ។ ការវាយតំលៃការសាងសង់ជាចុងក្រោយគឺគេត្រូវចំណាយលុយលើគំរោងនេះចំនួន ៤០លានដុល្លាអាមេរិក(ចុចលើតំណភ្ជាប់នេះដើម្បីអានអំពីសេចក្តីលំអិតក្នុងកាសែតភ្នំពេញប៉ុស្តិ៍)។ យើងឃើញថាតំលៃសំរាប់ការរចនានេះ វាមានតំលៃថ្លៃមែនទែន។ ដូចនេះហើយ ពួកម្ចាស់អាគារនឹងមិនមានថវិការគ្រប់គ្រាន់សំរាប់បង់ថ្លៃសេវាទាំងអស់នេះឡើយ។ ពួកគេអាចជ្រើសរើសការិយាល័យផ្សេងទៀតដែលថោកជាង ហើយស្រួលមិនស្រួលគេនឹងសាងសង់ដោយខ្លួនឯងផងក៏មិនដឹង។ បើសេណារីយោចុងក្រោយកើតឡើងមែន ពួកម្ចាស់សំណង់នឹងអាចធ្វើអ្វីតាមតែចិត្តពួកគេទៅហើយ? ប្រការបែបណឹងល្អដែរសំរាប់អនាគតស្ថាបត្យកម្មតាមការយល់ឃើញរបស់Patrik? តែអ្នកខ្លះនឹងក្រកែកដោយលើកឧទាហរណ៍ថា រាជការគួរតែលុបបទបញ្ញាត្តិចេញពីពួកស្ថាបត្យករបានហើយ! ខ្ញុំគិតថាអាណឹងនឹងនៅតែចោទជាបញ្ហា។ សរុបមកនៅផ្នែកនេះ រាជការត្រូវតែមានបទបញ្ញាត្តិសាងសង់នៅក្នុងទីក្រុង ឬជនបទ ដើម្បីបង្ការសេចក្តីពុំគាប់គួរណាមួយកើតឡើងចំពោះសំណង់ និងប្រជាជននៅក្នុងទីកន្លែងនោះ។

ឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈគឺជាមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះទីក្រុង និងប្រជាជនដែលរស់នៅទីនោះ។ អ្នកទាំងអស់គ្នាសាកគិតសម៏យទៅមើល ប្រសិនបើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជន ហើយរាល់ការចូលដើរកំសាន្តម្តងៗត្រូវបង់ប្រាក់ជានិច្ច តើនឹងមានមនុស្សទៅប៉ុន្មាននាក់ក្នុងមូយថ្ងៃ? តើនេះមិនមែនជាវិធីដែលដេញប្រជាជនក្រីក្រមិនមានលទ្ធភាពឲ្យរស់នៅចាកឆ្ញាយពីតំបន់កំសាន្តទេ ? Patrik គាត់ប្រហែលជាយល់បញ្ហានេះច្បាស់ជាងនរណាទៅទៀត។ ក្នុងគំនិតខ្ញុំ លំហសាធារណៈក្នុងក្រុងមិនមែនជារបស់បានមកដោយមិនមានការចូលរួមពីប្រជាជនរស់នៅទីនោះ នោះទេ(ខ្ញុំសូមលើកពីទីក្រុងឡុងដ៍ក្នុងករណីនេះ ដោយសារគាត់និយាយពីទីក្រុងនេះ)។ លំហសាធារណៈនិមួយៗកើតចេញការបង់ពន្ធរបស់ប្រជាពលរដ្ឋទាំងឡាយដែលរស់នៅទីនោះ។ ខ្ញុំគិតថាបើលំហសាធារណៈត្រូវបានគេធ្វើឲ្យក្លាយទៅជាកម្មសិទ្ធឯកជន ដើម្បីតែទាក់ទាញពួកវិនិយោគ នោះប្រព័ន្ធទំនាក់ទំនងសង្គមទាំងមូលនឹងត្រូវបំផ្លាញទាំងស្រុង។ គ្មានការជួបជុំជាសាធារណៈបានឡើយ។ Patrik Schumacher បានទាំងផ្តល់យោបល់ថាផ្លូវថ្នល់ផ្សេងៗក៏គួរតែធ្វើឯកជនភាវូបនីយកម្ម។

កម្មវិធីឧបត្ថមធនទៅលើផ្ទះសម្បែងគួរតែមានជាចាំបាច់។ ខ្ញុំនឹងមិនលើកយកហេតុផលច្រើនមកនិយាយទៀតទេ ដោយមិនចង់ឲ្យមានទាក់ទងខ្លាំងពេកទៅនឹងបញ្ហានយោបាយ។

ជាសរុបសេចក្តីមក ខ្ញុំមានគិតថា Patrik Schumacher បានប្រាសចាកខ្លាំងមែនទែនពីស្ថាបត្យកម្មតាមរយៈគោលការណ៍ទាំង៨ចំនុចដែលគាត់ចង់បានសំរាប់ទីក្រុងឡុងដ៍។ តើនេះជាអ្វីដែលស្ថាបត្យករធ្វើដើម្បីទីក្រុង និងមនុស្សជាតិ? ឡឺ ក័រប៉ុយស៊ីយ៉េ បានធ្វើបដិវត្តចលនាស្ថាបត្យកម្មនៅលើពិភពលោកនៅទស្សវត្សទី២០ ដោយបានបង្ហាញពីគោលគំនិតរបស់គាត់តាមរយៈការរចនាអាគារ ឬក៏ទស្សនវិជ្ជាស្ថាបត្យកម្ម តែអ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត មួយរូបនេះ មិនបានធ្វើដូចអ្វីដែល ឡឺ ក័រប៉ុយស៊ីយ៉េ ធ្វើសោះឡើយនៅក្នុងវេទិការនៅទីក្រុងប៊ែកឡាំងនោះ។ ផ្ទុយទៅវិញ គាត់បានធ្វើខ្លួនដូចអ្នកនយោបាយអ៊ីចឹង។ ខ្ញុំគិតថានយោបាយគួរតែទុកនៅឲ្យឆ្ងាយពីវិជ្ជាជីវៈ។ គួររំលឹកថាគាត់បានបោះពុម្ពផ្សាយអំពីគំនិតស្ថាបត្យកម្មនាថ្ងៃអនាគតរបស់គាត់ជាច្រើនផងដែរនៅលើគេហទំព័រ academia.edu។ ទាំងអស់គ្នាអាចចូលទៅអានបាន។ គាត់គួរតែផ្តោតទៅលើការសរសេទាំងអស់នោះវិញ នេះបើតាមយោបល់ខ្ញុំ ពីព្រោះខ្ញុំចូលចិត្តអានអត្ថបទទាំងអស់នោះ! ប៉ុន្តែប្រហែលភាពអស្មិមានះរបស់គាត់មានទំហំធំធេងហួសប្រមាណទេដឹង ទើបគាត់ត្រូវការនៅលើទំព័រមុខរបស់សារព័ត៌មានស្ថាបត្យកម្មផ្សេង? ខ្ញុំក៏មិនដឹងដែរ ពីព្រោះគឺមានតែគាត់ទេទើបអាចប្រាប់ពីចំលើយនេះបាន៕

Advertisements
Gallery

គំរោងដ៏គួរឲ្យរីករាយ! An Exciting Announcement!

សួស្តីម្តងទៀត!

ប្រហែលជាបីខែមកនេះ ខ្ញុំមិនដែលបានបន្ទាន់សម័យប្លុគផ្ទាល់ខ្លួនរបស់ខ្ញុំទេ ដោយសារតែមានភារៈរវល់ផ្ទាល់ខ្លួនបន្តិច។ ខ្ញុំសង្ឃឹមថានឹងអាចឆ្លៀតពេលមមាញឹករបស់ខ្ញុំសរសេអំពីការគិតរបស់ខ្ញុំចំពោះស្ថាបត្យកម្ម។

ថ្ងៃនេះ ខ្ញុំគ្រាន់តែចង់ចែករំលែកពត៌មានដ៏គួរជាទីសោមនស្សដល់អ្នកទាំងអស់គ្នាដែលបានចូលអានក្នុងប្លុគមួយនេះ!

ដូចអ្នកទាំងអស់គ្នាប្រហែលបានស្គាល់ ឡឺ ក័រប៊ុយសីុយ៉េ ហើយ និងសៀវភៅប៉ុន្មានក្បាលដែលគាត់បានសរសេក្នុងនោះមានជាអាទិ៍ ៖ Ver Une Architecture (ឆ្ពោះទៅរកស្ថាបត្យកម្មមួយ ឬក៏អាចបកប្រែបានថា ឆ្ពោះទៅរកស្ថាបត្យកម្មស្ថាបត្យកម្មថ្មីមួយ)  Le Voyage d’Orient (ដំណើរឆ្ពោះទៅទិសខាងកើត) Le Modulor (ឡឺ ម៉ូឌុយឡឺរ) ជាដើម។ ដោយសារសៀវភៅទាំងនេះប្រៀបដូចជាស្នាដៃឯកក្នុងស្ថាបត្យកម្មសម័យទំនើប* ហើយវាក៏ជាការចាប់ផ្តើមនៃយុគថ្មីរបស់ស្ថាបត្យកម្ម ដូចនេះខ្ញុំក៏សំរេចចិត្តជ្រើរើសសៀវភៅខ្លះមកបកប្រែជាភាសាខ្មែរ។ ការពិតទៅ នៅស្រុកខ្មែរយើងក៏មានស្ថាបត្យករដែលទទួលឥទ្ធិពលពីគំនិតនៃស្ថាបត្យកម្មសម័យទំនើប*នេះដែរ។ បើយើងក្រឡេកទៅមើលឆ្នាំមាសនៃស្ថាបត្យកម្មនៅស្រុកខ្មែរនាទសវត្សទី៦០ យើងឃើញថាស្ថាបត្យករឆ្នើម វណ្ណ ម៉ូលីវណ្ណបានទទួលឥទ្ធិពលពី ឡឺ ក័រប៊ុយសីុយ៉េ តាមរយៈការប្រើរង្វាស់ខ្នាតឡឺម៉ូឌុយឡរសឹងតែទៅលើគ្រប់អាគារដែលគាត់បានរចនា សូម្បីតែរង្វាស់ធ្នឹមរបស់អាគារបុរីមួយរយខ្នង។

អ្នកខ្លះប្រហែលជាគិតថា សៀវភៅទាំងអំបាលមាននេះសរសេឡើងតាំងពីទសវត្សទី៣០ ឬក៏ទី៥០ អុីចឹងទៅប្រហែលវាហួសសម័យទេដឹងក្នុងការរៀនពីវា ឬក៏វាជាអំពើឥតប្រយោជន៍សោះឡើយក្នុងការបកប្រែរបស់ចាស់ៗទាំងអស់នេះ។ មិត្តភក្តិដែលរៀនស្ថាបត្យកម្មដំណាលខ្ញុំខ្លះមិនដែលផ្តល់កិត្តិយស ឬយល់ព្រមសោះឡើយថា លោកតាវណ្ណ ម៉ូលីវណ្ណដែលទទួលឥទ្ធិពលខ្លាំងពី ឡឺ ក័រប៊ុយសីុយ៉េ ថាជាស្ថាបត្យករឯកនៅក្នុងស្រុកខ្មែរ ដោយគេលើកឧទាហរណ៍មិនសមស្របជារឿយៗថា គាត់(វណ្ណ ម៉ូលីវណ្ណ)គ្រាន់តែជាស្ថាបត្យករម្នាក់ដែលគ្មានអីអស្ចារ្យនោះទេ ដោយហេតុតែគាត់មានអ្នកពូកែៗនៅក្បែរច្រើននៅទសវត្សទី៦០ ហើយគាត់គឺជាស្ថាបត្យករខ្មែរក្នុងជំនាន់ទីមួយនៅស្រុកខ្មែរ អីុចឹងហើយទើបគាត់មានឪកាសបានរចនាអាគារសាធារណៈរបស់រាជការធំៗច្រើននៅសម័យនោះ។ គំនិតទាំងនេះ វាគឺជាការគិតដ៏អវិជ្ជាមែនទែនក្នុងវិស័យស្ថាបត្យកម្ម មែនអត់? ខ្ញុំគិតថាអុីចឹង ព្រោះខ្ញុំក៏ធ្លាប់ធ្លាក់ក្នុងអន្លង់ខ្លៅមួយនេះដែរកាលពីពេលខ្ញុំនៅជាសិស្សរៀនស្ថាបត្យកម្ម មុនពេលដែលខ្ញុំចាប់ផ្តើមធ្វើជាសិស្សហាត់ការនៅក្រុមមគ្គុទេសស្ថាបត្យកម្មខ្មែរនាឆ្នាំទី០៣។ ខ្ញុំនាពេលនោះគិតដូចអ្នកទាំងនេះអីុចឹង តែក្រោយពីបានអានអត្ថបទខ្លះអំពីលោកតា វណ្ណ ម៉ូលីវណ្ណ រៀនពិនិត្យអង្កេតទៅលើស្នាដៃគាត់នារយៈពេលបីឆ្នាំមកនេះ ខ្ញុំបានផ្លាស់ប្តូរការគិតរបស់ខ្ញុំខ្លាំងមែនទែន ដោយខ្ញុំសង្ឃឹមថាខ្ញុំអាចក្លាយជាស្ថាបត្យករដែលពូកែដូចលោកតាតែមួយភាគបីនៃគាត់តែប៉ុណ្ណោះ។ ខ្ញុំសូមអត្ថាធិប្បាយពីលោកតាតែប៉ុននេះចុះ ដោយប្រហែលជាត្រូវវែកញែកពីលោកតានៅអត្ថបទក្រោយទៀតក៏មិនដឹង!

ហេតុផលខាងលើនេះគ្រាន់តែជាអំណះអំណាងដ៏តិចតួចស្តួចស្តើងដែលខ្ញុំលើកឡើងជាទឡ្ហីករការពារការបកប្រែរបស់ខ្ញុំពីសៀវភៅខ្លះរបស់ ឡឺ ក័រប៊ុយសីុយ៉េ។ សៀវភៅទាំងនេះ ថ្វីត្បិតតែសរសេឡើងតាំងពី៧០ ឬក៏៦០ ឆ្នាំមុន តែវានៅតែអាចបម្រើប្រយោជន៍ជាអាហារគំនិតដល់ស្ថាបត្យករវ័យក្មេងទាំងឡាយ។ ចំពោះខ្ញុំ ស្នាដៃអស់នេះគឺវាលើសពីស្ថាបត្យកម្មទៅទៀត វាគឺជាទស្សវិជ្ជានៃស្ថាបត្យកម្ម។ បើអ្នកអានទាំងឡាយគិតថាស្ថាបត្យកម្មគួរតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងការគិតច្រើនជាង សូមអានសៀវភៅទាំងអស់នេះចុះ។

ខ្ញុំបានជ្រើរើសសៀវភៅ Le Modulor (ឡឺ ម៉ូឌុយឡឺរ) ជាស្នាដៃបកប្រែលើកទីមួយ ដោយសារតែវាសៀវភៅមួយក្បាលដែលផ្តោតលើគំនិតជាទ្រឹស្តីផង និងក៏ជាការអនុវត្តក្នុងស្ថាបត្យកម្មផង។ ខ្ញុំគិតថាស្ថាបត្យករទាំងពីរប្រភេទនឹងអាចអានវាបាន។

សៀភៅ ឡឺ ម៉ូឌុយឡឺរ

CCI20062016

ខាងលើនេះជាសៀវភៅ Le Modulor (ឡឺ ម៉ូឌុយឡឺរ) ដែលខ្ញុំនឹងធ្វើការបកប្រែទៅជាភាសាខ្មែរ។ ខ្ញុំបានទទួលសៀភៅនេះជាអំណោយថ្ងៃកំណើតពីសង្សារខ្ញុំមកពីប្រទេសអង់គ្លេស។

តាមពិតខ្ញុំចង់បកប្រែពីច្បាប់ដើមជាភាសាបារាំងដែល ឡឺ ក័រប៉ុយសុីយ៉េ សរសេផ្ទាល់ដៃ តែជាអរកុសលខ្ញុំមិនចេះភាសាបារាំងទេ ដូចនេះខ្ញុំក៏បកប្រែវាចេញពីច្បាប់បកប្រែជាអង់គ្លេសវិញ។ ខ្ញុំដឹងថាអត្ថន័យប្រហែលជាចាកឆ្ងាយពីអត្ថបទដើមខ្លាំង តែសូមកុំបារម្ភអីពីព្រោះខ្ញុំនឹងផ្ទៀងច្បាប់ជាភាសាអង់គ្លេស នឹងច្បាប់ដើមជាភាសាបារាំងដំណាលគ្នា។ ខ្ញុំសង្ឃឹមថាការបកប្រែមួយនេះនឹងបញ្ចប់សព្វគ្រប់នាចុងឆ្នាំនេះ ហើយខ្ញុំអាចដាក់វាឲ្យទាយយកបាននៅលើ iBook Store របស់ Apple ហើយសង្ឃឹមថាកំរ៉ៃដែលរកបានវាគ្រប់គ្រាន់សំរាប់ខ្ញុំក្នុងការបោះពុម្ពសៀវភៅនេះដើម្បីចែកចាយតាមបណ្ណាល័យ និងគ្រឹះស្ថានសិក្សានានានៅស្រុកខ្មែរ។

សូមអរគុណ!

*  ស្ថាបត្យកម្មសម័យទំនើបក្នុងទីនេះសំដៅយកចលនាស្ថាបត្យកម្មដែលកើតឡើងប្រហែលទសវត្សទី៣០ ហើយល្បីខ្លាំងនៅទសវត្សទិ៥០ ៦០ និង៧០។ វាជាគំរូស្ថាបត្យកម្មមួយដែលប្លែកថ្មីមិនដូច រចនាបទ art deco ឬក៏ art nouveau ទេ។ ចលនាស្ថាបត្យកម្មនេះផ្តោតទៅលើការប្រើប្រាស់វត្ថុធាតុដើម និងគ្រោងអាគារធ្វើជាគ្រឿងលម្អរជំនួសឲ្យក្បាច់ភ្ញីផ្សេងៗ។ តាមរយៈ ឡឺ ក័រប៉ុយសុីយ៉េ គេអាចសំគាល់ចលនាស្ថាបត្យកម្មតាមរយៈធាតុផ្សំថ្មីៗចំនួនប្រាំដែលខុសប្លែកពីស្ថាបត្យកម្មដ៏ទៃទៀត។ តាមពិតទៅស្ថាបត្យករដទៃទៀតក៏បានចូលរួមបង្កើតចលនាស្ថាបត្យកម្មជាសាកលនេះដែរក្នុងកំឡុងពេលនោះ ហើយពួកគេមិនចាំបាច់រចនាអាគារទៅតាមអ្វីដែល ឡឺ ក័រប៊ុយសីុយ៉េ បានកំណត់ឡើយ។ ហេតុផលដែលខ្ញុំបានកំណត់សំគាល់ខាងក្រោមនេះ ដោយហេតុតែស្ថាបត្យកម្មសម័យទំនើបមានអត្ថន័យទូលំទូលាយជាងអ្វីដែលខ្ញុំចង់និយាយក្នុងអត្ថបទនេះ។ ន័យទូលំទូលាយរបស់វា ប្រហែលនឹងត្រូវអត្ថាធិប្បាយនៅអត្ថបទក្រោយ ឬអត្ថបទក្រោយមួួយទៀត ហើយប្រហែលវាត្រូវបកស្រាយដោយសិស្សច្បងខ្ញុំ យុាំ សុខលី ពីព្រោះតែគាត់បានពន្យល់ខ្ញុំឲ្យបានភ្លឺភ្នែកពីន័យនៃពាក្យនេះ មុននឹងពេលដែលយើងបានទៅចូលរួមក្នុងសន្និសិទស្តីពីស្ថាបត្យកម្មទំនើបនៅប្រទេសជប៉ុនជាមួយគ្នា។

 

 

 

Gallery

ទីក្រុងវៃឆ្លាតតាមរយៈ Sidewalk Labs របស់ហ្គូហ្គល

ឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សហ្គូហ្គលរបស់អាមេរិកបានបង្កើតក្រុមហ៊ុនមេមួយមានឈ្មោះថា Alphabet ដែលធ្វើការគ្រប់គ្រងលើក្រុមហ៊ុនតូចៗជាច្រើនទៀត។ គេសង្កេតឃើញថាមួយក្នុងចំនោមក្រុមហ៊ុនទាំងនោះគឺមានក្រុមហ៊ុន Sidewalk Labs ដែលធ្វើការផ្តោតទៅលើបដិវត្តរបស់ទីក្រុង របៀបថ្មីក្នុងការទំនាក់ទំនងនៅក្នុងទីក្រុង។ តើអ្វីគឺជានិយមន័យរបស់ទីក្រុងឆ្លាតវៃតាមរយៈ Sidewalk Labs? ហើយតើមន្ទីរពិសោធន៍ដែលផ្តោតលើបញ្ហាទីក្រុងមួយនេះមានផែនការដោះស្រាយដូចម្តេចខ្លះ?

84963f7c-5208-4789-813f-59b515174479-1445637697128

តាមរយៈ Sidewalk Labsទីក្រុងឆ្លាតគឺជាទីក្រុងដែលអាចដោះស្រាយបញ្ហាទាំងឡាយដោយមានប្រសិទ្ធភាពតាមរយៈ ការបង្កើនផ្ទះទំនើបមានតំលៃសមរម្យ ប្រព័ន្ធចលនាឌីជីថល(ប្រព័ន្ធដែលអាចចាត់ចែងលំហផ្លូវដែលជួយបង្កើនគុណភាពមធ្យោបាយធ្វើដំណើរ និងគុណភាពខ្យល់) សេវាកម្មសង្គមផ្ទាល់ខ្លួន(អាចផ្តល់ព័តមានផ្ទាល់ខ្លួនដោយក្នុងពេលជាមួយគ្នាអាចរក្សាបានភាពឯកជនផ្ទាល់ខ្លួន) និងការគ្រប់គ្រងបំណែងចែកថាមពល។

Sidewalk Labs បានពន្យល់ពីបដិវត្តបច្ចេកវិទ្យាដែលផ្លាស់ប្តូរនិយមន័យទីក្រុងទំនើបក្នុងរយៈពេល២០០ឆ្នាំចុងក្រោយមនេះ ហើយពួកគេបានបង្ហាញថាបច្ចេកវិទ្យាឌីជីថលដែលជារបត់ផ្លាស់ប្តូរទីក្រុងលើកទីបួននឹងចូលមកផ្លាស់ប្តូរពីរបៀបដែលមនុស្សរស់នៅ ប្រើប្រាស់ទីក្រុង។ អ៊ីចឹងហើយទើបគេបានបង្កើតផ្លេតហ្វមឌីជីថល(platform)ផ្សេងៗជាច្រើន។

តាមរយៈអ្នកដែលបង្កើតក្រុមហ៊ុនដំបូង គេអាចនិយាយបានថា ការស្វែងរកបច្ចេកវិទ្យាក្នុងការកាត់បន្ថយការបំពុល ត្រួតពិនិត្យការប្រើប្រាស់ថាមពល ធ្វើឲ្យការដឹកជញ្ជូនមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយក្នុងការរស់នៅក្នុងទីក្រុង គឺជាគោលគំនិតចំបងបំផុត។

ក្រុមហ៊ុននេះបានជ្រើសរើសទីក្រុងញូយ៉កធ្វើជាគោលដៅដំបូងសំរាប់សាកល្បង។ ផលិតផលជាជំហានដំបូងដែល Sidewalk Labs សំរេចបានគឺ LinkNYC និង Flow ។

អ្វីជា LinkNYC?

linknyc
រូបភាពរក្សាសិទ្ធដោយ ៖ pierre lecourt

ជាក្ជូស wifi មានល្បើនលឿនទៅដល់ ១ជីហ្គាប៉ៃដែលអាចឲ្យអ្នកដែលរស់នៅទីក្រុងញូយ៉កធ្វើការភ្ជាប់ទៅកាន់អាំងទែណិតដោយសេរី។ ទេសចរក៏អាចធ្វើការទូរស័ព្ទចេញជាសំលេង ឬរូបភាព ស្វែងរកទីតាំងដែលចង់ទៅបានគ្រប់ពេលវេលាគ្រប់ជ្រុងនៃទីក្រុង។

Sidewalk Labs ប៉ាន់ប្រម៉ាណថា អ្នករស់នៅទីក្រុងញូយ៉កប្រហែល២៥ភាគរយខ្វះខាតអាំងទែណិតមានល្បឿនលឿនៅតាមផ្ទះ អ៊ីចឹងគំរោងមួយនេះនឹងជួយបំពេញការខ្វះខាតទាំងនោះ ហើយមួយវិញទៀតបណ្តាញ link នេះនឹងមិនតំរូវឲ្យអ្នកទាំងឡាយបង់ប្រាក់ថែមពីលើពន្ធដែលគេធ្លាប់បង់ទេ ផ្ទុយទៅវិញវាជួយបង្កើនចំណូលច្រើនជាង៥០០លានដុល្លាឲ្យទីក្រុងញូយ៉កក្នុងរយៈពេល១២ឆ្នាំដំបូង។

payphones.jpg
ផែនទីបង្ហាញពីទីតាំង LinkNYC នៅទីក្រុងញូយ៉ក រក្សាសិទ្ធដោយ ៖ sidewalklabs

អ្វីជា Flow?

វាជាផ្លេតហ្វមកូអរដេនេដំណឹកជញ្ជូនសំរាប់ទីក្រុង។ គំរោង flow នឹងជួយវិភាគពីការប្រើប្រាស់ផ្លូវ ការគោរពច្បាប់ ការប្រើប្រាស់ចំណតជាដើមរបស់ប្រជាជន ដែលរស់នៅក្នុងទីក្រុងតាមរយៈទូរស័ព្ទដៃ រួមជាមួយនឹងទិន្នន័យពីសេនសឺ។ ផ្លេតហ្វមនេះនឹងផ្តល់ទិន្នន័យទាំងនេះទៅដល់អាជ្ញាធរដើម្បីចាត់វិធានការមានប្រសិទ្ធភាព។

Sidewalk Labs ជឿជាក់ថាកំណើនហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និងតំរូវការប្រើប្រាស់ផ្លូវកាន់តែកើនឡើងរបស់ជនជាតិអាមេរិកដែលមានចំណូលទាបទាមទារឲ្យពួកគេធ្វើដំណើរកាន់តែឆ្ងាយទៅៗ និងចំណាយលុយកាន់តែច្រើនឡើងៗ ដែលទាំងនេះជាបញ្ហាបង្កើតឲ្យមានការចំណាយច្រើនក្នុងការរស់នៅ និងបង្កើតឲ្យមានរបាំងបំលាស់ប្តូរក្នុងសង្គម។ តែវិធានការមិនមែនគ្រាន់តែបង្កើិតផ្លូវថ្មីនោះទេ ដោយសារតែវាយ៉ាប់ណាស់ទៅហើយក្នុងការព្យាយាមថែរក្សាផ្លូវចាស់ៗ។

គំរោងនេះស្ថិតនៅក្នុងការសាកល្បងនៅឡើយជាមួយមន្ទីរដឹកជញ្ជូនសហរដ្ឋអាមេរិកចំពោះទីក្រុងវៃឆ្លាតទាំងប្រាំពីរនៅសហរដ្ឋអាមេរិក។

 

View at Medium.com

View at Medium.com

View at Medium.com

Gallery

ធ្វើការងារស្ថាបត្យកម្មក្រៅប្រទេសសុទ្ធតែល្អមែនអត់?

ការពិតកាលនៅរៀនស្ថាបត្យកម្ម ហើយក៏ពេលចប់ហើយក៏ដោយ ខ្ញុំមានអារម្មណ៍ថាធ្វើការនៅបរទេសមានអាទិភាពច្រើនជាងចំពោះខ្ញុំ ដោយហេតុតែប្រាក់ខែបានច្រើនជាងធ្វើការក្នុងស្រុក មានឱកាសស្គាល់វប្បធម៌ផ្សេង ណាមួយស្តាប់មើលទៅឡូយជាងធ្វើការក្នុងស្រុក តែប្រហែលអ្វីៗមិនដូចអ្វីដែលរំពឹងទុកទេក្រោយពីបានអានអត្ថបទខាងក្រោមនេះរបស់ ហាប់បឺត ប្រេនដុន ( Brandon Hubbard )ក្រោមចំណងជើងថា ៖ តើការធ្វើការនៅក្រៅប្រទេសជាប្រការអាក្រក់សំរាប់ការងារស្ថាបត្យកម្ម? (Is Working Abroad Bad For Your Architetcure Career?)

តទៅនេះគឺជាអត្ថបទបកប្រែជាភាសាខ្មែរ សូមអញ្ជើញអានទាំងអស់គ្នា !

សំគាល់ ៖ ពាក្យថា ខ្ញុំ សំគាល់ លោក ហាប់បឺត ប្រេនដុន ( Brandon Hubbard )

ប្រហែលជំនាញស្ថាបត្យកម្មជាជំនាញមួយដែលមានមនុស្សច្រើនជាងជំនាញផ្សេងទៀតដែលចង់រស់នៅនិងធ្វើការនៅក្រៅប្រទេស។

តើអ្នកកំពុងតែនៅទីក្រុងមុំប៉ៃសុបិន្ត(ចង់ទៅធ្វើការឬរស់នៅ)ទីក្រុងញ៉ូយ៉កមែនអត់?

នៅស៊ីអាតថតសញ្ជឹងគិតពីជិវិតនៅទីក្រុងរ៉ូម?

និស្សិតស្ថាបត្យកម្មខ្លះមានឱកាសធ្វើដំណើរពេលដែលកំពុងរៀន។ កម្មវិធីសិក្សានៅបរទេសនៅសហរដ្ឋអាមេរិកមានច្រើនមែនទែន។ ជារឿយៗ នៅពេលដែលនិស្សិតទាំងឡាយបញ្ចប់ការសិក្សា ពួកគេតែងតែគិតពីលទ្ធភាពទៅរស់នៅបរទេស។

គ្រូពេទ្យអាចរកបានអ្នកជម្ងឺបាននៅជិតទីតាំងដែលខ្លួនប្រកបការងារ។ គណនេយ្យករអាចរកបានបញ្ជីការងារដោយងាយស្រួល។ ស្ថាបត្យករមិនមានអាគារប្រណីតៗរត់មករកពួកយើងទេ (តែបើដូចនេះមែនប្រាកដជាឡូយ)។ ពួកយើងត្រូវតែរត់ទៅរកអាគារទាំងនោះ។ ប្រការនេះជាកត្តាជំរុញឲ្យស្ថាបត្យករជាច្រើនជំនាន់ស្ពាយបង្វេចសៀវភៅសំរាប់គំនូសស្ថាបត្យកម្ម ហើយធ្វើដំណើរទៅ(បរទេស)។

ការបង្ហាញពេញលក្ខណៈ

ខ្ញុំមានឯកសិទ្ធដោយបានរស់នៅជុំវិញពិភពលោក ហើយខ្ញុំមានសញ្ជាតចំនួនបីផ្សេងគ្នាដើម្បីគាំទ្រអំណះអំណាងនេះ។ ពីនូវេលហ្សេឡង់ ទៅទីក្រុងឡុងដ៍ ទៅទីក្រុងម៉ាឌ្រីត ទៅទីក្រុងសង់ហ្វ្រង់សុីស្កូ កន្លែងនិងមនុស្សដែលរស់នៅទីកន្លែងទាំងអស់នេះបានធ្វើឲ្យខ្ញុំមានអ្វីដែលខ្ញុំមាននៅថ្ងៃនេះ។ ប្រាកដជាលើសពីការសង្ស័យទៅទៀតដែលថា បើគ្មានបទពិសោធន៍អន្តរជាតិ ប្រាកដជាគ្មានខ្ញុំនៅថ្ងៃនេះឡើយ។

អ៊ីចឹង ខ្ញុំត្រូវតែជឿជាក់ថានេះជាផ្លូវល្អសំរាប់អ្នករាល់គ្នាក្នុងជំនាញស្ថាបត្យកម្មមែនអត់? ដូចដែលចំណងជើងអត្ថបទបានបញ្ជាក់អ៊ីចឹង ខ្ញុំមិនគិតថាធ្វើការនៅក្រៅប្រទេសវាមិនមែនជាប្រការល្អដែលចាំបាច់នោះទេក្នុងវិស័យការងារស្ថាបត្យកម្មនោះទេ។

ហេតុអ្វីទៅ?

ខ្ញុំបាននិយាយជាមួយនិស្សិតស្ថាបត្យកម្ម និងស្ថាបត្យករជាច្រើនដែលចង់ទៅធ្វើការនៅក្រៅប្រទេស។ នៅពេលដែលសួរពួកគេ ចំឡើយដែលខ្ញុំជារឿយៗទទួលបានគឺ “វាប្រហែលជាដំណើរផ្សងព្រេងមួយ” ឬក៏ “ខ្ញុំចង់បានអ្វីដែលខុសប្លែក” ។

ហេតុផលទាំងអស់នេះស្តាប់ទៅសមហេតុផលណាស់មែនអត់ បើសិនជាយើងមើលតែពីសំបកក្រៅទៅ?

អ្នកត្រូវតែប្រាកដថាអ្នកចង់បានអ្វីពីដំណើរផ្សងព្រេងនេះ។ បើមិនអ៊ីចឹងទេ វានឹងខ្លាចទៅជាសុបិន្តអាក្រក់មួយ។

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការបង្ហាញពីផលប៉ះពាល់ទៅលើការងារស្ថាបត្យកម្ម និងការងារផ្ទាល់ខ្លួនដោយការសំរេចចិត្តចេញទៅធ្វើការនៅក្រៅប្រទេស។ ដោយមិនគិតពីប្រទេសដែលអ្នករស់នៅ និងកន្លែងដែលអ្នកចង់ទៅធ្វើការ នេះជាបញ្ហាជារួម ដែលខ្ញុំនិងអ្នកដទៃទៀតដែលដូចខ្ញុំធ្លាប់បានឆ្លងកាត់។ សង្ឃឹមថានេះនឹងផ្តល់អ្នកនូវចន្ទល់ដើម្បីពិចារណាអំពីការងារនិងគោលដៅជិវិតរបស់អ្នកផ្ទាល់។

តើស្មៅតែងតែមានពណ៌បៃតងជាងនៅផ្នែកម្ខាងទៀតមែនអត់? តោះចូលរួមស្វែងយល់ទាំងអស់គ្នា។

ខ្ញុំទៅតែមួយឆ្នាំទេ

នេះជាអ្វីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានៅពេលដែលខ្ញុំកំពុងដែលរៀបចំបង្វេចចេញទៅអឺរ៉ុប។ ខ្ញុំបានគិតអំពីវានៅពេលជិះយន្តហោះត្រឡប់មកសហរដ្ឋអាមេរិកវិញ…ប្រាំពីរឆ្នាំក្រោយ

ជិវិតតែងតែមានចន្លោះប្រហោងដើម្បីរត់គេចប្រសិនបើអ្នកគ្មានគំរោងការនោះទេ។ ប្រសិនជាវាមិនមែន(ជាការស្នាក់នៅឬធ្វើការ)បណ្តោះអាសន្ន តើអ្នកនៅតែទទួលបាននូវសារប្រយោជន៍ដែលអ្នកសង្ឃឹមថាបានដែរឬទេ? ចុះបើវាជាអចិន្រ្តៃយ៍វិញ? តើអ្នកនឹងបោះចោលការឡើងឋានៈ ឬអត្ថប្រយោជន៍ផ្សេងៗដោយសារតែអ្នកកំពុងចាកចេញឬ? តើអ្នកចង់មានវត្តមាននៅកន្លែងមួយ តែអារម្មណ៍នៅកន្លែងផ្សេង?

ជិវិតបន្តដោយគ្មានរូបអ្នក។ ខ្ញុំបានខកខានពិធីមង្គលការជាច្រើន បុណ្យសព និងបាត់បង់ទំនាក់ទំនងមិត្តភក្តិជាច្រើន។ បើទោះបីជាយើងរស់នៅក្នុងសម័យកាលដែលតំណភ្ជាប់លែងជាបញ្ហា តែការព្រាត់ព្រាស់គ្នាដោយមិនបាននិយាយគ្នាឬទំនាក់ទំនងគ្នាដោយផ្ទាល់គឺជាប្រការដែលជៀសមិនបាន។

បណ្តាញទំនាក់ទំនង

ខ្ញុំបានពិភាក្សានៅអត្ថបទមុនហើយ Want A Great Architecture Job? Don’t Send a Resume, (ចង់បានការងារស្ថាបត្យកម្មអស្ចារ្យមួយ? កុំផ្ញើឯកសារប្រវត្តិរូប) អំពីប្រការសំខាន់ក្នុងការកសាង និងរក្សាបណ្តាញទំនាក់ទំនងស្ថាបត្យកម្ម។ បណ្តាញទំនាក់ទំនងដែលមានក្រុមមិត្តភក្តិ និងគ្រូៗនៅក្នុងសហគមន៍ស្ថាបត្យកម្ម។

ជាធម្មតា ក្រុមនេះបង្កើតដោយអ្នកធ្វើការជាមួយនាពេលបច្នុប្បន្ននិងពីអតីត សាស្ត្រាចារ្យស្ថាបត្យកម្មមុនៗ មិត្តរួមថ្នាក់ និងស្ថាបត្យករនានាដែលស្គាល់ពីសិក្ខាសាលា និងសមាគម។

នៅពេលដែលអ្នកមកដល់ទីក្រុងថ្មី អ្នកអាចចាប់ផ្តើមបណ្តាញទំនាក់ទំនងនេះបាន។ តែបើទោះបីជាយ៉ាងនេះក៏ដោយ នៅពេលដែលអ្នកត្រឡប់ទៅប្រទេសកំណិតវិញ បណ្តាញទំនាក់ទំនងនេះមិនមកជាមួយអ្នកទេ។ ប្រាកដហើយដែលអ្នកអាចរក្សាទំនាក់ទំនងអ្នកតាម ហ្វេសប៊ុគ ឬក៏តភ្ជាប់ពួកគេនៅលើ លីនឈីន។ ប៉ុន្តែវាមិនទំនងសោះដែលមិត្តភក្តិរស់នៅឆ្ងាយពីអ្នក ៣ ៥០០ ម៉ៃ អាចស្វែងរកឱកាសការងារឲ្យអ្នកបាន។

ប្រព័ន្ធសូវ៉ែ

កម្មវិធីរបស់ BIM ដូចជា Revit បានកំពុងក្លាយជាកម្មវិធីទូទៅសំរាប់ជំនាញស្ថាបត្យកម្ម។ យើងកំពុងតែឈានទៅរកការពឹងផ្អែកទៅលើតែសូវ៉ែរចនាតែមួយមុខហើយ។

តែទោះជាយ៉ាងណានៅតែមានភាពខុសគ្នាអ៊ីចឹងរវាងការប្រើប្រាស់សូវ៉ែនៅសហរដ្ឋអាមេរិក នឹងនៅសហភាពអឺរ៉ុប។ ជាឧទាហរណ៍ Revit បានកំពុងក្លាយទៅជាស្តង់ដារមាសនៅសហរដ្ឋអាមេរិក តែកម្មវិធីដូចជា Microstation នៅតែមានគេប្រើលើសលប់នៅតាមក្រុមហ៊ុននានានៅសហភាពអឺរ៉ុប។

អ៊ីចឹង វាប៉ះពាល់អ្នកយ៉ាងម៉េច? ប្រាកដណាស់ថា វាមិនមានអ្វីពិបាកទេក្នុងការរៀនកម្មវិធីថ្មី។ បញ្ហានៅត្រង់ថាសូវ៉ែនោះវាផ្លាស់ប្តូររហ័សពេកដល់ថា្នក់ថាអ្នករស់នៅប្រទេសផ្សេងចំនួន៥ឆ្នាំហើយត្រឡប់មកវិញអ្នកអត់បានចំនាំអីដែលខ្លួនបានចេះឡើយ។

ក្រុមហ៊ុនអន្តរជាតិធំៗកំពុងចាប់ផ្តើមជំរុញវិស័យស្ថាបត្យកម្មឲ្យមានការប្រើប្រាស់សូវ៉ែជាស្តង់ដារ។ ជាលទ្ធផល សូវ៉ែទាំងនេះកំពុងឆ្លងកាត់ព្រំដែន(សូវ៉ែទាំងនេះកំពុងប្រើប្រាស់ជាលក្ខណៈសកល)។

សំរាប់ឥលូវនេះមានតែសូវ៉ែខុសគ្នាតែប៉ុន្មានប៉ុណ្តោះទៅតាមតំបន់ ដែលអ្នករាល់គ្នាត្រូវរៀនយល់ដឹង។ បើសិនជាអ្នកចំនាយពេល១០ឆ្នាំរៀនពីសូវ៉ែដែលគេមិនត្រូវការ នោះប្រាកដណាស់ថាការងារអ្នកនឹងដើរថយក្រោយ។

បទដ្ឋានអាគារ

ដូចនឹងសូវ៉ែដែរ បទដ្ឋានអាគារកំពុងតែក្លាយជាបញ្ហាសកល។ បទដ្ឋានអាគារអន្តរជាតិ(International Building Code) គឺជាស្តង់ដារសកលនាពេលឥលូវនេះ។ បើទោះបីជាមានបទដ្ឋានអាគារជាសកលក៏ដោយ ក៏គ្រប់ប្រទេស រដ្ឋ តំបន់ និងទីក្រុងនិមួយៗមានបទដ្ឋានអាគរតាមតំបន់រៀងៗខ្លួន។

ជាឧទាហរណ៍ គេមាននាយកដ្ឋានអធិការកិច្ចអាគារ សង់ ហ្វ្រង់សីុស្កូ(San Francisco Department of Building Inspection)” បន្ថែមពីលើ បទដ្ឋានអាគារ កាលីហ្វ័រញ៉ា(California Building Code) បន្ថែមពីលើ កម្មវិធីប្រសិទ្ធភាពថាមពលអគារកាលីហ្វ័រញ៉ា((California Building Energy Efficiency Program) ហើយនឹងកម្មវិធីផ្សេងទៀតជាច្រើនរាប់មិនអស់។

វាមានបទដ្ឋានច្រើនពេកនៅ កាលីហ្វ័រញ៉ា រហូតទាល់តែគេទាមទារតម្រូវឲ្យមានការប្រឡងអាជ្ញាប័ណ្ណស្ថាបត្យកម្ម(ការប្រឡងបន្ថែមកាលីហ្វ័រញ៉ា California Supplemental Exam)លើសបណ្តារដ្ឋនានា។ មគ្គុទេសន៍សិក្សាណឹងវាវែងអន្លាយពេករហូតធ្វើឲ្យអស់ក្រដាស់សំរាប់ព្រីន។

ដោយហេតុតែគ្រប់តំបន់មានបទដ្ឋានអាគារសំរាប់តំបន់រៀងៗខ្លួន ម៉្លោះហើយការរៀនពៅបទដ្ឋានអាគារនៅប៉ារីប្រហែលជួយអីអត់បានច្រើនទេនៅឌីទ្រ័រ។

ដំណឹងការងារមួយគេត្រូវការបទពិសោធន៍សំរាប់តួនាទី ៖

យល់ដឹងពីបទដ្ឋានអាគារនៅទីក្រុងញូយ៉ក និងចេះពីច្បាប់ជនពិការអាមេរិកាំង Americans with Disabilities Act (ADA)

ប្រសិនបើអ្នកចង់ធ្វើការនៅញូយ៉ករយៈពេលយូរ តែ”កំពុងតែទទួលបទពិសោធន៍”នៅទីក្រុងអាថែន នោះនឹងមិនអាចបំពេញលក្ខខណ្ឌការងារខាងលើនេះបានទេ។

គ្មានអ្វីខុសទេដោយគ្រាន់តែធ្វើការនៅក្រៅប្រទេស ប្រសិនបើអ្នកនៅតែមានគំនិតនេះជានិច្ចថា វា(ការធ្វើការក្រៅប្រទេស)មិនមែនជាសំបុត្រនាំទៅរកការងារដែឡអ្នកចង់បានទេ។ ក្នុងករណីយជាច្រើនវាអាចធ្វើឲ្យអ្នកខាតប្រយោជន៍។

សាកល្បងយកខ្លួនអ្នកជាអ្នកគ្រប់គ្រងរើសបុគ្គលិកការងារក្នុងក្រុមហ៊ុនស្ថាបត្យកម្មនៅទីក្រុងញូយ៉ក។ អ្នកមានប្រវត្តិរូបការងារពីរនៅនឹងមុខអ្នក ៖

ជូលី ៖

នាងមានបទពិសោធន៍ធ្វើការប្រាំឆ្នាំនៅទីក្រុងញូយ៉ក។ នាងដឹងពីបទដ្ឋានអាគារជាច្រើន ហើយក៏មានទំនាក់ទំនងជាមយយអ្នករចនា និងអ្នកផ្តល់ប្រឹក្សានៅទីក្រុងញូយ៉កជាច្រើននាក់។

អង់តូនី ៖

គាត់មានបទពិសោធន៍ធ្វើការប្រាំឆ្នាំនៅទីក្រុងម៉ាឌ្រី។ គាត់ស្គាល់ស្ថាបត្យករជនជាតិអេស៉្បាញជាច្រើននាក់នៅក្នុងតំបន់ ហើយគាត់ក៏ធ្លាប់ធ្វើការលើគំរោងសាលាក្រុងនៅក្រុងម៉ាឌ្រីទៀត។

នៅពេលដែលអង់តូនីមានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ អ្នកទាំងពីរមានអ្វីគ្រប់យ៉ាងប្រហែលគ្នា គេប្រហែលជាជ្រើសរើសជូលី។

ហិរញ្ញវត្ថុ

បណ្ឌិត តូម៉ាស់ ស្តង់លី អ្នកសរសេសៀវភៅលក់ដាច់ជាងគេ “ចិត្តគំនិតសេដ្ឋី” (The Millionaire Mind) បានសិក្សាពីមហាសេដ្ឋីរាប់ពាន់អ្នក។ គាត់បានសង្កេតមើលពីលក្ខណៈរាប់រយរបស់បុគ្គលជាច្រើននាក់ រាប់បញ្ចូលទាំងសកម្មភាពធ្វើចលនារបស់ពួកគេផងដែរ។

គាត់រកឃើញថា ៖ ហេតុផលមួយ(ពួកសេដ្ឋី)មិនដែលមានចលនាគឺការចាកចេញឆ្ងាញពីអតិថិជន អ្នកទិញ ឬក៏អ្នកបច្ចេកទេសផ្សេងទៀត ដែលការធ្វើដូចនេះនឹងនាំឲ្យមានបច្ច័យអាក្រក់មែនទែនដល់ផលិតភាព។ គ្រាន់តែដំណើរការរៀបចំក្នុងការផ្លាស់ទីណឹង ក៏អាចក្លាយជាការរំខាន់ធំមួយដែរ ជាពិសេសទៅទៀតនៅពេលផ្លាស់ឆ្ងាយម្តងៗ។

គោលគំនិតដែលថាការផ្លាស់ទីវាពិតជារំខាន មិនគួរជាប្រការគួរឲ្យភ្ញាក់ផ្អើលទេ។ បើទោះបីជាអ្នកនៅលីវ ការផ្លាស់ទីទៅបរទេសនៅតែជាកិច្ចការដ៏មហិមាមួយដែរ។

អ្នកទាំងអស់គ្នាភាគច្រើនដែលចាប់ផ្តើមការងារដំបូងប្រហែលជាមានថវិការតិចតួចប៉ុណ្ណោះ។ ការជូល ការកំសាន្ត និងកម្ចីសិក្សាប្រាកដជាដណ្តើមគ្នាជាបន្ទុកចំណាយទូទាត់លើប្រាក់ចំនូលដ៏លំបាករបស់អ្នកហើយ។

អ្នកក៏ប្រហែលមានការលំបាកក្នុងអត្រាប្តូរប្រាក់ផងដែរ។ ជាឧទាហរណ៍ តំលៃលុយផោនអង់គ្លេសធ្លាក់ថ្លៃចុះអស់ពាក់កណ្កាលក្នុងកំឡុងពេកវិបត្តិសេដ្ឋកិច្ចនេះ។ នេះបានន័យថាខ្ញុំត្រូវខាតប្រាក់ពាក់កណ្តាលនៅពេលទូទាត់នៅសហរដ្ឋអាមេរិក។ នេះមិនគិតពីការបង់លើសេវាផ្ញើ និងដកប្រាក់កំឡុងពេលមានគណនីធនាគារពីរនៅប្រទេសពីផ្សេងគ្នាផង។

ពន្ធ

ចំពោះមិត្តភក្តិរួមសញ្ជាតិអាមេរិកាំងទាំងឡាយ ពួកយើងមានពាក្យមួយដែលស្គាល់គ្រប់គ្នាជាទូទៅនោះគឺពន្ធ។ ជាអកុសល គេតំរូវឲ្យពលរដ្ឋអាមេកាំងគ្រប់រូបបង់ពន្ធនៅក្នុងសហរដ្ឋអាមេរិក បើទោះជាអ្នកនៅទីណានៃពិភពលោកក៏ដោយ។

សំរាប់ឆ្នាំ២០១៥ ចំណាត់ការបដិសេធចំនូលដែលរកបាននៅក្រៅប្រទេស(Foreign Earned Income Exclusion) មានចំនួន ១០០ ៨០០ ដុល្លាអាមេរិក។ អ្វីដែលអ្នករកបានលើសពីចំនួននេះត្រូវតែបង់ពន្ធទាំងអស់។ ប្រសិនបើអ្នករកប្រាក់ចំណូលបានតិចជាងនេះអ្នកនឹងមិនត្រូវបានតម្រូវឱ្យបង់ពន្ធអាមេរិកប៉ុន្តែអ្នកនៅតែត្រូវដាក់ពាក្យត្រឡប់មកវិញជារៀងរាល់ឆ្នាំ។ នៅពេលដែលអ្នកមិនទាន់អាចរកលើសនឹងបានឥលូវ តែចុះបើអ្នកសំរេចចិត្តស្នាក់នៅក្រៅប្រទេសចំនួន៣០ឆ្នាំ?

រក្សាទុកក្នុងចិត្តថា បើអ្នកលក់ផ្ទះមួយនៅបរទេស គេចាត់ទុកចំនូលបន្ថែមពីការលក់នេះថាជាប្រាក់ចំនូល ហើយអ្នកប្រហែលជាត្រូវបង់ពន្ធលើការលក់ទ្រព្យមួយនេះ។

សំរាប់ព័តមានបន្ថែមសូមចូលទៅកាន់ គេហទំព័រ IRS

ប្រសិនបើអ្នកជាជនជាតិអាមេរិក រស់នៅបរទេស អ្នកនឹងមិនអាចទទួលបានអត្ថប្រយោជន៍ពីគំរោងចូលនិវត្តន៍នានាទេ(Roth IRA, 401K) ដោយហេតុតែអ្នកមិនមែនកំពុងតែរកប្រាក់នីសហរដ្ឋអាមេរិក។

មិត្តភក្តិទាំងឡាយ និងក្រុមគ្រួសារ

ដោយហេតុតែអ្នកតាមដានប្លុកខ្ញុំភាគច្រើនសុទ្ធតែចំរើនវ័យកំឡុងឆ្នាំ២០០០ ខ្ញុំសន្មត់ថាភាគរយច្រើនមិនទាន់រៀបការមានកូន។

អ្នកប្រហែលជាកំពុងសញ្ជឹងគិតថា នេះប្រហែលជាឱកាសដ៏ល្អក្នុងការរើទីតាំងការងារ ដោយសារតែខ្ញុំគ្មានអ្វីមករារាំងឡើយ។  សន្មត់ថាអ្នកនៅលីវ ខ្ញុំបានរកឃើញថាទំនាក់ទំនងអាចក្លាយទៅជារញ៉េរញ៉ៃបន្តិច។ តើពេលណាត្រឡប់មកវិញ? នៅណឹងរហូតឬ? ចុះបើពួកយើងរៀបការ?

ជាលទ្ធផលរស់នៅជុំវិញពិភពលោក មិត្តភក្តិ និងគ្រួសាររបស់ខ្ញុំមាននៅគ្រប់ជ្រុងនៃផែនដី។ សំរាប់ហេតុផលខ្លះ នៅពេលដែលខ្ញុំពន្យល់ពីបញ្ហានេះទៅកាន់មនុស្សទាំងឡាយ ពួកគេតែងតែគិតថាវាអស្ចារណាស់។

ជិះយន្តហោះរាល់សប្តាហ៍សំរាប់ព្រឹត្តិការណ៍ផ្សេងៗទៅមិនរួចទេ។ តើអ្នកអាចសុំច្បាប់វិស្សមកាលពីរទៅបីសប្តាហ៍សំរាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តអ្នក ឬក៏វិស្សមកាលបុណ្យណូអែលជាមួយគ្រួសារអ្នកបានអត់? នេះជាការសមរេចចិត្តដ៏លំបាកមួយ។

គំនិតចុងក្រោយ

តើអ្នកកំពុងតែអានវាស្របពេលដែលកំពុងពិចារណាផ្លាស់ទី និងធ្វើការនៅបរទេសមែនអត់? តើខ្ញុំកំពុងតែស្នើឲ្យអ្នកកុំទៅមែនអត់? ប្រាកដណាស់ដែលថាខ្ញុំមិនស្នើឲ្យអ្នកផ្លាស់ប្តូរគំនិត។ ខ្ញុំគឺមនុស្សចុងក្រោយគេដែលប្រាប់អ្នកមិនឲ្យដើរតាមអ្វីដែលខ្លួនសុបិន្តចង់បាន។

ខ្ញុំគិតថាពួកយើងបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងទូួលំទូលាយជាងពេលណាៗទាំអស់នៅក្នុងសម័យនៃបណ្តាញសង្គមនេះ។ នេះអាចនាំទៅដល់ជំងឺម៉្យាងហៅថា “ឥទ្ធិពលហ្វេសប៊ុគ” (Facebook Effect)។ ពាក្យមួយទៀតអាចនិយាយបានថា មិនមែនដើរតាមអ្វីដែលល្អសំរាប់ជីវិការងារ ឬក៏សុភមង្គលនោះទេ តែក៏ព្រោះតែដើម្បីបង្អួតមិត្តភក្តិមួយចំនួនប៉ុណ្ណោះ។

ចំនុចដែលគួរចងចាំគឺថាគួរតែធ្វើអ្វីដែលត្រឹមត្រូវចំពោះគោលដៅរយៈពេលយូររបស់អ្នក។ កុំគ្រាន់តែគិតពីសេចក្តីសោមនស្សរយៈពេលខ្លី។

មិនថាតែវាជាគំរោងដែលអ្នកចង់ធ្វើ ទីក្រុងដែលអ្នកចង់នៅ ឬក៏អារម្មណ៍ចង់ទៅ។ អ្វីដែលអ្នកសំរេចចិត្តធ្វើ ខ្ញុំសូមជូនពរឲ្យអ្នកមានសំណាងល្អ។ អរគុណចំពោះការអាន។

Gallery

ស្ថាបត្យករទី៤១ដែលឈ្នះពានរង្វាន់ហ្វ្រីតហ្សឺប្រចាំឆ្នាំ២០១៦!

Alejandro-Aravena-011.jpg

សូមចូលរួមអបអរសាទរដល់ស្ថាបត្យករឈីលីលោក អាឡេចាន់ដ្រូ អារ៉ាវេណា ដែលបានទទួលពានរង្វាន់ហ្វ្រីតហ្សឺប្រចាំឆ្នាំ២០១៦។

*អ្វីទៅជាពាន់រង្វាន់ហ្រីតហ្សឺ (Pritzer Prize)?

ពាន់រង្វាន់នេះបង្កើិតឡើងដើម្បិផ្តល់កិត្តិយសទៅដល់ស្ថាបត្យករដែលនៅរស់ម្នាក់ ឬជាច្រើននាក់ដែលសំណង់អាគារពួកគេឆ្លុះបញ្ចាំងអំពីការប្របាច់បញ្ចូលគ្នារវាងគុណភាពនៃទេពកោសល្យ គុណភាពនៃទស្សនៈ នឹងគុណភាពនៃសេចក្តីព្យាយាម ដែលលទ្ធផលនៃការច្របល់ទាំងនេះបង្កើតបានជាការចូលរួមសំខាន់និងឥតងាករេទៅកាន់មនុស្សជាតិ និងបរិស្ថានដែលមនុស្សកសាង (Built Environment) តាមរយៈសិល្បៈនៃស្ថាបត្យកម្ម។

ពាន់រង្វាន់អន្តរជាតិនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគ្រួសារហ្វ្រីតហ្សឺជាអ្នកបង្កើតវាឡើងតាមរយៈមូលនិធិយ៉ាត់ (Hyatt Foundation)នៅឆ្នាំ១៩៧៩។ ជាទូទៅ គេស្គាល់ពាន់រង្វាន់មួយនេះថាជា ពាន់រង្វាន់ណូបែលសំរាប់ស្ថាបត្យកម្ម និងពាន់រង្វាន់កិត្តិយសធំបំផុតក្នុងការងារជាស្ថាបត្យករ។

ប្រសិនជាចង់សិក្សាបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់ពាន់រង្វាន់នេះតាមរយៈតំណភ្ជាប់នេះ

ព័តមានខ្លីអំពីស្ថាបត្យករនេះ

គាត់ជាស្ថាបត្យករដែលរចនាអាការភាគច្រើនជួយដោះស្រាយបញ្ហាសង្គមដូចជាគំរោងលំនៅដ្ឋានតំលៃសមរម្យជាដើម។ គំរោងភាគច្រើនរបស់គាត់សាងសង់នៅប្រទេសឈីលី តែក៏មានគំរោងខ្លះស្ថិតនៅក្រៅប្រទេសផងដែរ។ នៅឆ្នាំ២០០០ គាត់ហើយនិងមិត្តគាត់ដែលជាវិស្វករឈ្មោះ អង់ដ្រេ អ៊ីយ៉ាកូបេលលី បានចាប់ផ្តើមគំរោង អ៊ីឡឺម៉ង់តាល់ ELEMENTAL ដែលបង្កើតក្នុងគំនិតផ្តោតទៅលើប្រយោជន៍សាធារណៈ និងផលប៉ះពាល់សង្គម ដូចជា ផ្ទះសម្បែង លំហសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និហការដឹងជញ្ជូន។ អ្នកទាំងអស់គ្នាអាចស្វែងយល់ព័តមានបន្ថែមរបស់បានតាមរយៈតំណភ្ជាប់ អ៊ីឡឺម៉ង់តាល់ ELEMENTAL

ការពិតចំពោះខ្ញុំផ្ទាល់ អ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះគាត់គឺការបញ្ចូលគំនិតលំនៅដ្ឋានដែលអាចបូកបន្ថែមបានទៅក្នុងការរចនារបស់គាត់ជាក់ស្តែងដូចជា លំនៅដ្ឋាន Monterrey (២០១០) និង Villa Verde (២០១៣)។ បើសិនជាមានពេល ខ្ញុំនឹងសរសេអត្ថបទទាក់ទងនឹងលំនៅដ្ឋានសង្គមនាពេលក្រោយ។ ខាងក្រោមនេះជាស្នាដៃមួយចំនួនរបស់គាត់ ៖

  • Metropolitan Promenade (១៩៩៧ – នៅបន្ត)
  • ឧទ្យានកុមារ Bicentennial (២០១២)
  • Villa Verde (២០១៣)
  • Constitución Cultural Center (២០១៤)
  • សាលា Montessori (២០០១)
  • គ្រឿងសង្ហារឹម “Chairless” (២០១០)
  • លំនៅដ្ឋាន Monterrey (២០១០)
  • Las Cruces Pilgrim Lookout Point (២០១០)
  • ប្លង់ទិដ្ឋភាពរួម Calama PLUS  (២០១២ – នៅបន្ត)
  • Writer’s Cabin សំរាប់មូលនិធិ Jan Michalski  (២០១៥)
  • សាលា Ayelén (២០១៥)

សម្រង់ពីសេចក្តីប្រកាសអ្នកទទួលពាន់រង្វាន់

លោក ហ្វ្រីតហ្សឺបាននិយាយថា ៖ គណកម្មការបានជ្រើសរើសស្ថាបត្យករម្នាក់ដែលជំរុញការយល់ដឹងរបស់ពួកយើងឲ្យកាន់តែស៊ីជំរៅពីអ្វីដែលជាការរចនាពិតដ៏អស្ចារ្យ។ អាឡេចាន់ដ្រូ អារ៉ាវេណា បានចង្អុលបង្ហាញការអនុវត្តរួមគ្នាជាក្រុមមួយបង្កើតបានជាការងារស្ថាបត្យកម្មដែលមានអានុភាព ហើយជាមួយគ្នានេះក៏បានបង្ហើបពីគន្លឹះនៃការប្រឡងប្រជែងនាសត្សវត្សទី២១នេះ។ សំណង់អាគារគាត់ផ្តល់ឱកាសសេដ្ឋកិច្ចទៅដល់អ្នកដែលមានអាទិភាពតិច កាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ កាត់បន្ថយការប្រើប្រាស់ថាមពល និងផ្តល់លំហសាធារណដ៏រាក់ទាក់មួយ។ ប្រកបដោយភាពឆ្នៃប្រឌិត និងការបំផុសគំនិតជាប់នឹងខ្លួន គាត់បង្ហាញពីរបៀបដែលស្ថាបត្យកម្មអាចលើកដំកើនការរស់នៅរបស់មនុស្សបាន។

Gallery

មជ្ឈមណ្ឌលសហគមន៍បំណងល្អ

BOM-F7
© Lindsay Perth

ប្រហែលព័ត៌មាននេះរៀងយឺតក្នុងការផ្សព្វផ្សាយបន្តិច តែផ្សព្វផ្សាយយឺតប្រសើរជាងមិនបានផ្សព្វផ្សាយ មិនថាអ៊ីចឹង? តទៅនេះជាព័ត៌មានពីគំរោងអាគារសហគមន៍បំណងល្អដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

ការពិតទៅមជ្ឈមណ្ឌលសហគមន៍បំណងល្អនេះបានដំណើរការជាង១០ឆ្នាំមកហើយ តែដោយសារអាគារដំបូងមិនមានការរចនាបានត្រឹមត្រូវដោយខ្វះខាតនូវលំហរួមសំរាប់ទំនាក់ទំនងនៅក្នុងសហគមន៍ ដូចនេះទើបស្ទូឌីយូ អរឃីត (Orkidstudio) រួមសហការជាមួយនឹងការិយាល័យវិភាគសំណង់ StructureMode បានធ្វើការសាងសង់អាគារនៅទីតាំងនេះជាថ្មី។ អាគារថ្មីទាំងនេះមានលក្ខណៈទាក់ទាញ និងសន្សំសំចៃជាងអាគារមុនដែលធ្លាប់សាងសង់នៅទីនេះ។

គេលើកអាគារបង្រៀនសំខាន់ទាំងអស់ទៅជាន់ទីមួយដោយទុកជាន់ក្រោមជាលំហទទេធំមួយសំរាប់ជ្រកកំដៅ ភ្លៀង និងជាកន្លែងសំរាប់ទំនាក់ទំនងគ្នារវាងប្រជាសហគមន៍។ ការពិតគំនិតស្ថាបត្យកម្មមួយនេះយើងសង្កេតមាននៅតំបន់ត្រូពិកតាំងពីយូរណាស់មកហើយ ដោយហេតុតែត្រូពិកជាកន្លែងដែលមានភ្លៀង និងកំដៅខ្លាំងដូចនេះម្លប់ជាគំនិតចាំបាច់ក្នុងការរចនាអាគារ។

ការប្រើប្រាស់ថាមពលតិចក្នុងការរចនាក៏ជាផ្នែកមួយសំខាន់ដែរ។ យើងឃើញថាអាគារទាំងឡាយនេះប្រាកដជាប្រើប្រាស់ថាមពលតិចជាងអាគារដែលសាងសង់ជាច្រើននៅទីក្រុងភ្នំពេញមិនខាន បើទោះបីជាគ្មានការវិភាគនិងរបាយការណ៍វិទ្យាសាស្រ្តត្រឹមត្រូវក៏ដោយ។ បង្អួតធំៗធ្វើអំពីក្រណាត់ និងឬស្សីដែលអាចឲ្យពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់។ ដំបូលអាគារមានពីរផ្មែកលើក្រោម អនុញ្ញាតឲ្យខ្យល់ក្តៅរត់ចេញពីបន្ទប់បាន តែវាក៏ជាប្រភពផ្តល់ពន្លឺធម្មជាតិបំភ្លឺទៅដល់ថ្នាក់រៀនផងដែរ។

មជ្ឈមណ្ឌលថ្មីនេះមានលំហបង្រៀនធំៗចំនួនបួន ថ្នាក់កុំព្យូទ័រ បន្ទប់រដ្ឋបាល និងលំហសេវាកម្មផ្សេងៗ។ ទីនេះក៏មានបន្ទប់សំរាប់ផលិតកម្មសាប៊ូផងដែរ ដែលសង់ឡើងក្រោមដំបូលអាគារចាស់។ នេះជាការលើកទឹកចិត្តមួយក្នុងគោលដៅឲ្យមាតាបិតាសិស្សបញ្ចូនកូនៗគាត់មករៀនជាងបង្ខំឲ្យពួកគេធ្វើការតាំងពីក្មេង។ កន្លែងផលិតសាប៊ូនេះក៏ផ្តល់ឲ្យស្រ្តីក្នុងសហគមន៍នូវឱកាស់រៀនពីជំនាញថ្មីនិងរកប្រាក់ចំណូលផងដែរ។

02__1F_PLAN__BOM

04__SECTION_B__BOM

ចំនុចគួរឲ្យចាប់អារម្មណ៍បំផុតក្នុងគំរោងនេះ

ស្ទូឌីយូ អរឃីត (Orkidstudio) រួមសហការជាមួយនឹងការិយាល័យវិភាគសំណង់StructureMode ជាមួយនឹងរបៀបចាក់បេតុងថ្មីដោយប្រើក្រណាត់ដើម្បីធ្វើពុម្ពវា។

“នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបប្រទះនូវការថយចុះនូវគំរបព្រៃឈើជាលំដាប់គួរឲ្យភ្ញាក់ផ្អើល ហើយឧស្សាហកម្មព្រៃឈើនៅតែមិនអាចគ្រប់គ្រងបានក្នុងទ្រង់ទ្រាយធំ។ ការប្រើប្រាស់បេតុងដែលចាក់ពុម្ពពីក្រណាត់នឹងអាចជួយកាត់បន្ថយការប្រើប្រាស់ឈើនៅតាមការដ្ឋានសំណង់បានមួយផ្នែក ហើយបច្ចេកទេសនេះគ្រាន់តែទាមទារនូវឈើដើម្បីទប់ក្រណាត់តែប៉ុណ្ណោះ” ។

ការិយាល័យវិភាគសំណង់ StructureMode បានប្រើប្រាស់កម្មវិធី Oasys GSA Suite ដើម្បីវិភាគគុណភាពបេតុងក្នុងក្រណាត់។ ការិយាល័យនេះជាអ្នកផ្តល់នូវគំនូសទាំងឡាយទាក់ទងនឹងបង្គុំសំណង់ពីបេតុង។

សូមចូលរួមក្រលេកមើលគំនូសប្លង់ និងរូបភាពខ្លះៗនៃគំរោងទាំងអស់គ្នា។ រូបភាពទាំងអស់នេះរក្សាសិទ្ធដោយ ស្ទូឌីយូ អរឃីត (Orkidstudio) និង ការិយាល័យវិភាគសំណង់StructureMode ។

06__CANTILEVER__BOM

05__BUILD_SEQUENCE__BOM

Gallery

រីករាយថ្ងៃកំណើតលោកតា វណ្ណ ម៉ូលីវណ្ណ!

965775_710860595607239_1207438198_o-2 copy
រក្សាសិទ្ធដោយ ៖ ពុំ មាសបណ្តូល

កើតនៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ១៩២៦ នៅរាម ខេត្តកំពត លោកតាវណ្ណ ម៉ូលីវណ្ណជាស្ថាបត្យករ និងជានិមិត្តរូបនៃកម្ពុជាសម័យទំនើបដែលមិនអាចនឹងបំភ្លេចបាន។ គាត់ទទួលបានសញ្ញាប័ត្រប៉ាក់កាឡូរ៉េអាពីវិទ្យាល័យស៊ីសុវត្ថិ(វិទ្យាល័យតែមួយគត់នៅក្នុងស្រុកកាលសម័យនោះ)នៅឆ្នាំ១៩៤៤ ហើយគាត់បានទទួលអាហារូបករណ៍ដើម្បីទៅសិក្សានៅបារាំង។ គាត់រៀនច្បាប់មុន ហើយក្រោយមកក៏រៀនស្ថាបត្យកម្មវិញនៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈ(ENSBA)។ លោកតាវណ្ណ ម៉ូលីវណ្ណរៀនក្នុងស្ទូឌីយ៉ោរបស់សាស្រ្តាចារ្យ Louis Arretche។

លោកតាបានចូលរួមសន្និសិទ្ធជាច្រើននៅប៉ារីសដែលធ្វើឡើងដោយ Le Corbusier និងចលនាទំនើបនិយម ប៉ុន្តែអ្នកដែលគាត់ចូលចិត្តខ្លាំងបំផុតនោះគឺ Paul Rudolph តាមរយៈអាគារវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតដែលប្រើប្រាស់បេតុងឲ្យមានលក្ខណៈធម្មជាតិ។ តាមរយៈលោកតា Paul Rudolph គឺជាជាងចម្លាក់(sculptor) អ្នកផ្តោតលើគ្រោងសំណង់(structuralist) និងអ្នកដែលគិតពីការប្រើប្រាស់របស់មនុស្ស(humanist) ក្នុងពេលជាមួយគ្នា។

ចន្លោះឆ្មាំ១៩៥០ និង១៩៥២ គាត់បានរៀនអំពីសិល្បៈខ្មែរនៅសាលាលូវនាទីក្រុងប៉ារីស(Ecole du Louvre)។ ចុងបញ្ចប់នៃការសិក្សារបស់គាត់នៅទីក្រុងប៉ារីស គាត់បានជ្រើសរើសសិក្សាពីស្ថាបត្យកម្មក្នុងស្រុករបស់ប្រទេសប្រេស៊ីល។

លោកតាបានមកដល់ក្នុងស្រុកវិញនៅឆ្នាំ១៩៥៦ ហើយនៅឆ្នាំ១៩៥៧ គាត់និងមិត្តភក្កិគាត់ម្នាក់ទៀតឈ្មោះ សេង ស៊ុនធេង បានបើកការិយាល័យស្ថាបត្យកម្មជាមួយគ្នានៅទួលគោក តែដោយសារមានគំរោងតិចពេក ការិយាល័យនោះក៏បានបិទទៅវិញ។ ស្នាដៃមួយដែលការិយាល័យនេះបានរចនាឡើងគឺអតីតផ្ទះលោកវេជ្ជបណ្ឌិតមួយរូបដែលឥឡូវក្លាយជាការិយាល័យអាកាសចរណ៏ស៊ីវិលតាមបណ្តោយមហាវិថីព្រះនរោត្តម។

ក្រោយមកគាត់បានក្លាយជាស្ថាបត្យកររដ្ឋដោយរដ្ឋាភិបាលចាត់តាំងឲ្យក្លាយជានាយកផ្នែករៀចចំក្រុងនិងផ្ទះសំបែងនៅក្រសួងសាធារណការ។ ថ្វីត្បិតតែរដ្ឋាភិបាលនៅឆ្នាំ៦០ ត្រូវការអ្នកជំនាញសញ្ជាតិកម្ពុជាច្រើនមែន តែបើសិនជាលោកតាមិនមានទេពកោសល្យផ្នែកស្ថាបត្យកម្ម លោកក៏មិនអាចចូលរួមរចនាអាគារជាង១០០ជូនប្រទេសបានទេ។ អាគារអតីតទីស្តីការគណរដ្ឋមន្រ្តី និងសាលាច្បាប់ អាចជាគំនិតស្ថាបត្យកម្មទំនើបទាំងដុលមែន តែបើយើងក្រលែកមើលទៅលើអាគារក្រោយៗពីសំណង់សាលសន្និសិទចតុមុខយើងឃើញថា លោតាចាប់ផ្តើមព្យាយាមបញ្ចូលគំនិតស្ថាបត្យកម្មដែលមានក្នុងស្រុកជាមួយគមនិតដែលគាត់បានរៀនពីស្រុកបារាំង។ យើងឃើញលទ្ធផលនេះច្បាស់តាមរយៈសំណង់ពហុកីឡាដ្ឋានជាតិអូឡាំពិកដែលគាត់ហៅវាថាជឫអង្គរវត្តទីពីរ។ បើចង់ជ្រាបច្បាស់ពីអំណះអំណាងនេះសូមអានសៀវភៅ Building Cambodia ឬក៏ចូលរួមក្នុងដំណើរទេសចរណ៍ស្ថាបត្យកម្មឆ្នាំ៦០ដែលរៀបចំដោយ Khmer Architecture Tours ដែលរៀចចំរៀងរាល់សប្តាហ៍ទី៤នៃខែនិមួយៗ។

ខ្ញុំគិតថាអ្នកអាចរករូបភាពអាគារដែលគាត់បានរចនាជាច្រើននៅលើហ្គូហ្គលដោយខ្ញុំមិនចាំបាច់ដាក់បង្ហាញទៀតទេនៅលើអត្ថបទមួយនេះ។

ឯកសារយោង Building Cambodia ‘ New Khmer Architecture ‘